ប្រទេសជប៉ុន៖ នៅថ្ងៃទី៩ ខែកក្កដានេះ ទីក្រុងតូក្យូ រកឃើញមានករណីឆ្លងកូវីដ-១៩ដល់ទៅ២២៤នាក់ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពី ផ្ទុះកូវីដ-១៩ មកទល់ពេលនេះ។
នេះជាលើកទីពីរហើយដែលទីក្រុងតូក្យូ មានករណីឆ្លងកូវីដ-១៩ដល់ទៅជាង២០០នាក់ក្នុងមួយថ្ងៃ ។ នៅថ្ងៃទី១៧ ខែមេសា ទីក្រុងតូក្យូរកឃើញមានអ្នកឆ្លងកូវីដ-១៩ច្រើនបំផុតគឺ២០៦នាក់ ក្នុងមួយថ្ងៃ ។ប៉ុន្តេពេលនេះ អ្នកឆ្លងកើនឡើងដល់ទៅ២២៤នាក់ហើយ។
ដូច្នេះគិតមកដល់ថ្ងៃទី៩ ខែកក្កដា នៅទូទាំងទីក្រុងតូក្យូ មានករណីឆ្លងកូវីដ-១៩សរុប ៧.២៧២នាក់ ។ ចំណែកនៅទូទាំងប្រទេសវិញ មានអ្នកឆ្លងសរុប ១៩.៥២២នាក់ ក្នុងនោះមានអ្នកស្លាប់ ៩៧៧នាក់។
មន្ត្រីទីក្រុងតូក្យូបានឲ្យដឹងថា ករណីឆ្លងកូវីដ-១៩ថ្មី ភាគច្រើនជាប់ពាក់ព័ន្ធពីទីកន្លែងកម្សាន្តពេលយប់ ពិសេសគឺនៅ តំបន់Ikebukuro ជាទីកន្លែងកម្សាន្តធំបំផុតនៅទីក្រុងតូក្យូ ។
អភិបាលក្រុងតូក្យូលោកYuriko Koike បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃមានមនុស្សប្រមាណ៣០០០នាក់កំពុងធ្វើការនៅក្លិបកម្សាន្តរាត្រី ត្រូវបានធ្វើតេស្តរកកូវីដ-១៩៕ដោយ៖ធី រីណា
ទីក្រុងតូក្យូមានករណីឆ្លងកូវីដ-១៩ ខ្ពស់បំផុតក្នុងមួយថ្ងៃ
...