ភ្នំពេញ៖ លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបាន ជូនដំណើរនិស្សិតកម្ពុជា ដែលធ្វើដំណើរពីប្រទេសអារ៉ាប់ប៊ីសាអូឌីតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេសុីនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ជេីងយន្តហោះពាណិជ្ជកម្មពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី លេខMH762 បានចាកចេញពីទីក្រុងគូឡាឡាំពួនៅវេលាម៉ោង១៦និង៣០នាទី ហេីយនឹងទៅដល់ទីក្រុងភ្នំពេញ នៅវេលាម៉ោង ១៧និង២៥នាទីថ្ងៃដដែល។
ឯកអគ្គរាជទូតបានគូសបញ្ជាក់ជូនថា កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ បានអនុញ្ញាតឱ្យនិងនិស្សិតកម្ពុជាដែលសិក្សានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត វិលត្រឡប់ប្រទេសកម្ពុជាវិញ ហេីយទេីបតែពេលនេះ ទេីបយេីងអាចរៀបចំជេីងហោះហេីរនេះ បាន ដែលជាការរៀបចំឡើងក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម អូស្មាន់ ហាស្សាន់ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប។
ជេីងយន្តហោះនេះ មានអ្នកដំណេីរសរុប ៩៤ នាក់ ដែលក្នុងនោះរួមមាននិស្សិតកម្ពុជាចំនួន៨០ នាក់ ធ្វេីដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌីត អ្នកដំណើរពលរដ្ឋខ្មែរនៅប្រទេសម៉ាឡេស៊ីចំនួន១៣ នាក់ និងជនជាតិខ្មែរកាន់លិខិតឆ្លងដែនម៉ាឡេស៊ី ១នាក់។
ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ ស្ថានទូតកម្ពុជាបានសម្របសម្រួល និងជួយរៀបចំការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញរបស់ប្រជាពលរដ្ឋ ពលករ ពលការនី និងសិស្សនិស្សិតកម្ពុជា បានចំនួន ៥ លេីក សរុបមានចំនួន ៦២៣នាក់៕
ដោយ៖ សិលា