ភ្នំពេញ ៖ រយៈពេលតែមួយម៉ោង នៅខណ្ឌច្បារអំពៅមានករណីគ្រោះអគ្គិភ័យកើតឡើង២លើក ប៉ុន្តែត្រូវបានសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យចេញជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា។
លោក ស្រេង គឹមស្រ៊ន នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានឱ្យដឹងថា រយៈពេលតែមួយម៉ោងប៉ុណ្ណោះនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះអគ្គិភ័យកើតឡើងចំនួន២លើកផ្ទួនៗគ្នានាថ្ងៃទី១០ ខែកក្កដា
នេះ។
លោកនាយករងរដ្ឋបាលបានឱ្យដឹងទៀតថា គ្រោះអគ្គិភ័យលើកទី១កើតឡើងនៅក្នុងភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ដែលកើតឡើងនៅវេលាម៉ោង១១និង១៥នាទីព្រឹក ហើយត្រូវបានកម្លាំងប្រជាពលរដ្ឋ និងអាជ្ញាធរ ព្រមទាំងសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យប្រចាំការនៅសាលាខណ្ឌបានជួយពន្លត់ទាន់ពេល។ លុះមកដល់ម៉ោង១២និង១៥នាទីថ្ងៃត្រង់ ក៏មានអគ្គិភ័យមួយទៀតបានកើតឡើងដោយសារតែផ្ទុះធុងហ្គាស ស្ថិតនៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ បណ្តាលឲ្យឆាបឆេះគ្រឿងជ័រក្នុងផ្ទះកើតហេតុដែលជាផ្ទះលក់គ្រឿងសំណង់ ហើយភ្លាមៗនោះក៏មានកិច្ចអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ជួយបាញ់ទឹកពន្លត់ទាន់ពេលធ្វើឱ្យរលត់ទៅវិញនៅម៉ោង១៣និង៥នាទីរសៀលថ្ងៃដដែល។
ករណីអគ្គិភ័យ២លើកនេះ គឺបងប្អូនប្រជាពលរដ្ឋក្បែរខាងលោកមានការភ័យខ្លាច និងសម្តែងនូវក្តីដឹងគុណដល់ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ដែលបានដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ទាន់ពេល៕
ជ្រោយពេជ្រ