អន្តរជាតិ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដានេះ រដ្ឋដែលមានប្រជាជនច្រើនបំផុតលំដាប់ទី២ របស់អូស្ត្រាលីគឺវិចតូរៀ (Victoria) បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ក្នុងអត្រាមួយដ៏ខ្ពស់បំផុតមិនធ្លាប់ជួបប្រទះ ខណៈអាជ្ញាធរបានព្រមានថាស្ថានការណ៍ដ៏អាក្រក់នេះនឹងនៅតែបន្តអូសបន្លាយយូរទៅមុខទៀត។
បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA និយាយថា អាជ្ញាធររដ្ឋវិចតូរៀ បានរាយការណ៍ថា មានករណីឆ្លង COVID-19 ថ្មីៗប្រចាំថ្ងៃចំនួន ២១៦ករណីបន្ថែមទៀត ប៉ុន្តែវានៅតែទាបជាងតួលេខថ្ងៃមុនបន្តិច។ ទោះបែបនេះក្តី វានៅតែជាតួលេខដ៏ខ្ពស់បំផុតមួយដដែលបើរាប់ចាប់តាំងពីមានករណីផ្ទុះជំងឺសកលនេះ នៅលើទឹកដីអូស្ត្រាលី។
លោក ដានីញែល អាន់ឌ្រូ (Daniel Andrews) ប្រធានរដ្ឋបាលនៃរដ្ឋវិចតូរៀ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «ស្ថានការណ៍នឹងកាន់តែអាក្រក់ទៅៗ មុនពេលវាអាចត្រឡប់មកប្រសើរវិញ។ យើងនឹងមានករណីឆ្លងថ្មីៗកាន់តែច្រើនបន្ថែមទៀត។ រឿងនេះនឹងនៅជាមួយយើងរាប់ខែទៀត»។
សូមជម្រាបថា នៅចំពោះស្ថានការណ៍នេះ អាជ្ញាធរទីក្រុងមែលប៊ន នៃរដ្ឋវិចតូរៀ បានសម្រេចអនុវត្តឡើងវិញ នូវវិធានការបិទខ្ទប់ប្រទេសឬហៅថា lockdown នៅក្នុងសប្តាហ៍នេះតែម្តង សម្រាប់រយៈពេល ០៦សប្តាហ៍ ខណៈពេលដែលក្តីបារម្ភជុំវិញ មានការផ្ទុះករណីឆ្លងរលកទី២ នៅក្នុងកម្រិតសហគមន៍៕ដោយ៖ស តារា