ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងយ៉ាងលឿនដូចហោះជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តក្រឡាប់ជាច្រើនជុំរងការខូចខាតស្ទើរទាំងស្រុង ចំណែកអ្នកបើកបររងរបួសស្រាល បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AF-3851 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩ ដោយមានទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកែងនឹងផ្លូវលេខ៥២៨ ក៏ជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់១កង់ខ្ទាតមកកណ្ដាលផ្លូវ ចំណែករថយន្តបង្កបានក្រឡាប់ជាច្រើនជុំផ្ងារជើងឡើងលើ ហេីយត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុជួយលើករថយន្តក្រឡាប់មកវិញ។ រីឯអ្នកបេីកបររងរបួសស្រាលនិងបានឡើងជិះឡំប្រឺតា រួចប្រាប់សមត្ថកិច្ចថាសុំទៅព្យាបាលរបួសសិន ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយគ្នាជាក្រោយ ៕
ដោយ៖ ភារ៉ា ដង្កោ