ភ្នំពេញ ៖ ជនសង្ស័យម្នាក់លួចស្អីមិនលួចមកលួចខោអាវក្នុងនារីៗសង្ស័យតែរូបគេមានជំងឺផ្លូវចិត្ត ប៉ុន្តែហេតុការណ៍នេះដោយសារតែប្រជាពលរដ្ឋខឹងពេកទប់កំហឹងមិនបានក៏នាំគ្នាពន្លះ១មួយដៃមួយជើងម្នាក់បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលមានចិត្តធម៌មកជួយឃាត់ហើយប្រគល់ឱ្យនគរបាលនាំយកទៅប៉ុស្តិ៍សួរនាំតែម្តងទៅ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១១ ខែ កក្កដា ឆ្នាំ ២០២០នៅចំណុចផ្ទះលេខ១៩៨A ផ្លូវព្រះនរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនរងគ្រោះជាម្ចាស់ខោអាវក្នុងឈ្មោះ សែម ស្រីពៅ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកធនាគារឯកជន ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
លោក សាល សណ្ដុះ នាយប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ព្រីង សំរស់ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន(វត្ថុតាងដកហូតមានកាំបិតបុ័ងតោចំនួន១និងទូរស័ព្ទចំនួន១គ្រឿងជារបស់ជនសង្ស័យ)ត្រូវឃាត់ខ្លួនពីបទប៉ុនប៉ងលួចសម្ភារមិនបានសម្រេច។មុនកើតហេតុជនសង្ស័យបានដើរទៅទីស្ងាត់និងលួចយកជណ្ដើររបស់ប្រជាពលរដ្ឋជិតខាងហើយយកមកដាក់ផ្អែកជញ្ជាំងដើម្បីឡើងលើផ្ទះជនរងគ្រោះដែលធ្វើពីឈើលើថ្មក្រោមក្នុងគោលបំណងលួចសម្ភារមានតម្លៃតែលួចមិនបានហើយឃើញខោអាវក្នុងដែលគេព្យួរនៅជិតនោះក៏ចាប់ស្រវាយក ប៉ូន្តែចៃដន្យស្រ្តីរងគ្រោះឃើញក៏ស្រែកឆាឡោទើបប្រជាពលរដ្ឋជិតខាងនាំគ្នាចេញមកគចាប់ឃាត់បាននិងស្វាគមន៍ម្នាក់១ដៃមួយជើងដោយសារតែខឹងព្រោះកន្លងមកមានការបាត់សម្ភារញឹកញាប់ពេកជាពិសេសប្រជាពលរដ្ឋជិតខាងមួយចំនួនប្រាប់ថាបាត់ភាគច្រើនតែសម្លៀកបំពាក់តែម្ដង ។ក្រោយមកក៏បាននាំជនសង្ស័យនិងអ្នករងគ្រោះទៅដាក់ពាក្យបណ្ដឹងនិងឱ្យនគរបាលចាត់ការតាមផ្លូវច្បាប់ ។
នគរបាលបញ្ជាក់ដែរថាពេលសួរនាំទៅជនសង្ស័យបានឆ្លើយសារភាពថាខ្លួនមានជនមិនស្គាល់មុខធ្វើមន្តអាគមដាក់ខ្លួនហើយតម្រូវឱ្យលួចសម្លៀកបំពាក់ស្រីៗជាពិសេសអាវនិងខោក្នុងរបស់នារីតែម្ដងទើបអំពើនោះធ្វើមិនចូល តែយ៉ាងណាក៏ដោយនេះជាពាក្យដោះសាជីដើម្បីសម្រាលទោសកំហុសប៉ុណ្ណោះ។យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជនសង្ស័យខាងលើនគរបាលយើងត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្ត ៕
ជីណា