រន្ទះបាញ់របួសមនុស្ស២នាក់និងបើងដំបូលផ្ទះ៥ខ្នងនៅក្នុងស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ស្រ្តីម្នាក់រួមទាំងកុមារីម្នាក់ផងដែរបានរងរបួសយ៉ាងដំណំដោយសារត្រូវរន្ទះបាញ់ និងដំបូលរោងចំនួន៥ខ្នងផ្សេងទៀតបានរងការខូចខាត ក្នុងករណីគ្រោះធម្មជាតិធ្លាក់ភ្លៀងមួយមេធំលាយឡំទៅដោយខ្យល់កន្ត្រាក់ ផ្គរ និងរន្ទះបាញ់ ។

ហេតុការណ៍គ្រោះធម្មជាតិបណ្ដាលឲ្យមានមនុស្សរងរបួស និងរងការខូចខាតរោងរបស់ប្រជាពលរដ្ឋចំនួន៥រោងផងដែរនោះ បានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅម្ដុំអន្លង់ប៉ែន ស្ថិតនៅក្នុងភូមិ-ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិលប្រាប់ថា ស្រ្តីរងរបួសដោយរន្ទះបាញ់រោលខ្លួនឡើងខ្មៅសន្លប់ស្ដូកស្ដឹងនោះឈ្មោះ សួយ រើន អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ និងកុមារីឈ្មោះ សេង លីហួ អាយុ ២ឆ្នាំ ត្រូវជាក្មួយស្រ្តីរងរបួសខាងលើ។ ស្រី្តរងរបួសរួមទាំងក្មួយស្រីការណ៍ពិតរន្ទះបាញ់ឆ្លងតាមអង់តែនទូរទស្សន៍ ស្របពេលពួកគាត់នៅក្បែរទើបបង្កការគ្រោះថ្នាក់បែបនេះ។ ស្រ្តីរងរបួសរួមទាំងកុមារីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ។

នគរបាលប៉ុស្តិ៍ដដែលបន្តទៀតថា ក្នុងពេលនោះដែររោងចាំចម្ការ និងតូបលក់ដូររបស់ប្រជាពលរដ្ឋចំនួន៥ខ្នងបានរងការខូចខាតបុើងដំបូលអស់ទាំងស្រុង។ ករណីគ្រោះថ្នាក់ធម្មជាតិខាងលើនេះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិលបានចុះស្រង់ព័ត៌មាន និងធ្វើរបាយការណ៍ ដើម្បីរាយការណ៍ជូនថ្នាក់លើបន្ត៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print