ខេត្តកណ្តាល៖ សាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៨ ខែ មករា ឆ្នាំ២០១៦ បានបើកសវនាការវិនិច្ឆ័យទោស លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ។
លោក អាំង មាលតី អតីតប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាដំបូងរាជធានីភ្នំពេញ ដែលពោរពេញដោយរឿងអាស្រូវ ពុករលួយ ត្រូវបានចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត ពាក់ព័ន្ធការដោះលែងមេខ្លោងជួញដូរគ្រឿងញៀន ឈ្មោះ ថាវ ថាវី ជាថ្នូរនឹងរថយន្តម៉ាកអូឌីមួយគ្រឿងតម្លៃជិត ១០ម៉ឺនដុល្លារ។ តាមមាត្រ៦០១ នៃក្រមព្រហ្មទណ្ឌ លោក អាំង មាលតី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ។
នៅម៉ោងប្រមាណ ៨៖២៩នាទីព្រឹកថ្ងៃទី២៨ ខែមករា លោក អាំង មាលតី ត្រូវបានបញ្ជូនពីពន្ធនាគារខេត្ត ទៅដល់សាលាដំបូងខេត្តកណ្តាលហើយ។ នៅក្រៅបរិវេណសាលាដំបូង មានរឹតបន្តឹងខ្លាំង ដោយមិនចង់ឲ្យអ្នកព័ត៌មានផ្តិតយករូបភាពបាននោះឡើយ ហើយនៅក្នុងបន្ទប់សវនាការត្រូវបានហាមឃាត់មិនឲ្យមានការថតរូប ឬថតសំឡេងផងដែរ។
សវនាការជំនុំជម្រះទោសលោក អាំង មាលតី នាព្រឹកនេះ ដឹកនាំដោយអនុប្រធានសាលាដំបូងខេត្តកណ្ដាល លោក ងួន វុទ្ធី និង លោកព្រះរាជអាជ្ញារង ឯក សុនរស្មី។
លោក អាំង មាលតី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅកាន់តុលាការខេត្តកណ្តាលនៅម៉ោង ១៖៥០ នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥។ លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីថ្ងៃត្រង់ ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ដោះលែងជនជាប់ ចោទក្នុងសំណុំរឿងគ្រឿងញៀន ឈ្មោះ ថៅ ថាវី នៅក្រៅឃុំបណ្តោះអាសន្ន ជាមួយថ្នូររថយន្ត Audi មួយគ្រឿង។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ក្រោយពីសាកសួរ អង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញថា លោក អាំង មាលតី មានភាពគ្រប់គ្រាន់សម្រាប់ឱ្យ ACU ចោទ ប្រកាន់ពីបទ វីតិក្រម ដែលជាបទល្មើសពុករលួយមួយដែរ។
លោក ឱម យ៉ិនទៀង បានថ្លែងយ៉ាងដូច្នេះថា «វីតិក្រមនេះ ពាក់ព័ន្ធជាមួយនឹងឡាន Audi មួយគ្រឿងរបស់ឈ្មោះ ថៅ ថាវី គឺថៅ ថាវី ហ្នឹងគេចោទថា រឿងគ្រឿងញៀន ប៉ុន្តែមិនមែនទេណា ហើយថ្ងៃ៨ (សីហា) កន្លងមកតុលាការ បានកាត់ក្តីរឿង ថៅ ថាវី ហើយប្រគល់ឡានឱ្យវិញហើយ ដែលឡានមួយនេះ ត្រូវបានលោក អាំង មាលតី គាត់ យកពី ថៅ ថាវី ជាថ្នូនឹងការដោះលែងបណ្តោះអាសន្នដល់លោក ថៅ ថាវី» ៕
ដោយ៖ ហេង សូរិយា