ក្រុងប៉ោយប៉ែត៖ យោងតាមប្រភពពីអាជ្ញាធរខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា អាជីវករមកពីក្រុងប៉ោយប៉ែត ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងផ្សារ Klong Luek ដើម្បីប្រមូលទំនិញដែលពួកគេ បានទុកចោលជាច្រើនខែនៅក្នុងហាង ខណៈដែលការរីករាលដាលនៃជំងឺឆ្លង កូវីដ–១៩ ផ្ទុះឡើង ។ ដោយអាជីវករកម្ពុជាទាំងអស់នោះ ត្រូវចូលតាម ប៉ុស្តិ៍ត្រួតពិនិត្យ Klong Luek ដែលជាប់នឹងច្រកព្រំដែនក្រុងប៉ោយប៉ែតនឹងបើកទ្វាររយៈពេល ៥ ម៉ោងដោយចាប់ផ្ដើមពីម៉ោង ៨ ព្រឹកជារៀងរាល់ថ្ងៃ។
អាជ្ញាធរមូលដ្ឋានបន្តថា ប៉ុស្តិ៍ត្រួតពិនិត្យនានា កំពុងត្រូវបានបើកដំណើរការឡើងវិញ សម្រាប់អាជីវករកម្ពុជាក្នុងរយៈពេល ៥ ម៉ោងក្នុងមួយថ្ងៃ ខណៈដែលទីផ្សារនៅតាមព្រំដែនថៃ បានវិលត្រឡប់មកធ្វើអាជីវកម្មយឺតៗឡើងវិញ ។
តាមប្រភពពីព្រំដែន បានឲ្យដឹងថា ការអនុញ្ញាតនេះត្រូវបានអនុញ្ញាតឱ្យអាជីវករកម្ពុជាចូលមកក្នុងប្រទេសថៃ ក្នុងគោលបំណងដើម្បីយកទំនិញរបស់ពួកគេ មុនពេលធ្វើដំណើរត្រឡប់ទៅប៉ោយប៉ែតវិញ។ ទោះបីជាការរឹតបន្តឹងជំងឺ កូវីដ–១៩ ត្រូវបានដកចេញភាគច្រើនក៏ដោយប៉ុន្តែព្រំដែននៅជាប់ប្រទេសជិតខាងនៅតែបិទទ្វារ ដែលជំរុញឱ្យមានការអំពាវនាវឱ្យមានប៉ុស្តិ៍ត្រួតពិនិត្យឡើងវិញ។
សូមជម្រាបថា អាជីវករទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យចូលទិញ ឬលក់ទំនិញនោះឡើយ។ ដោយពួកគេត្រូវចុះឈ្មោះសម្រាប់ការចូលព្រំដែន ហើយអាជីវករនីមួយៗត្រូវបានអនុញ្ញាតឲ្យចូលទៅយកឥវ៉ាន់បាន ដោយអាចជិះឡានដឹកទំនិញមួយ ដែលមានមនុស្សមិនលើសពី ២នាក់ឡើយ។ ហើយនៅពេលទៅដល់ទីនោះ ពួកគេនឹងឆ្លងកាត់ការត្រួតពិនិត្យសុខភាព ដោយត្រូវពាក់ម៉ាស់ជាដាច់ខាតគ្រប់ពេល បន្ទាប់មកពួកគេនឹងត្រូវបានឃ្លាំមើលដោយអាជ្ញាធរ និងមិនអនុញ្ញាតឱ្យចាកចេញទៅណានោះឡើយ លើកលែងតែវិលត្រឡប់មកប៉ោយប៉ែតវិញតែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ការបើកប្រមូលទំនិញឡើងវិញស្រដៀងគ្នានេះ ក៏ត្រូវបានធ្វើឡើងនៅច្រក Ta Phraya ច្រក Nong Prue និង Khao Din ៕ដោយ៖សហការី