ភ្នំពេញ៖មានស្ត្រីរងគ្រោះម្នាក់ បានបង្ហោះវីដេអូស្វែងរកយុត្តិធម៌និងការជួយអន្តរាគមន៍ពីមហាជន តាមបណ្តាញ Tik Tok កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ដោយរៀបរាប់ថា ខ្លួនត្រូវបានថៅកែហាងគុយទាវអង្គរជុំវាយនិងគម្រាមសម្លាប់ ។ បន្ទាប់មកជនរងគ្រោះ ថែមទាំងបានទៅជួបអ្នកសារព័ត៌មានធ្វើការផ្សាយផ្ទាល់អំពីដំណើររឿងដែលនាំឲ្យមានហឹង្សានោះផងដែរ។
ជនរងគ្រោះបានរៀបរាប់ថារូបនាង ត្រូវបានមិត្តភក្ដិណែនាំឲ្យទៅអង្គុយញ៉ាំបាយកំដរភ្ញៀវដើម្បីទទួលបានប្រាក់ធីប២០ដុល្លារ នៅហាងគុយទាវអង្គរជុំម្ដុំបឹងសាឡាង។ បន្ទាប់ពីញ៉ាំបាយរួច ភ្ញៀវ២នាក់បានបើកឡានជូននាងត្រឡប់ទៅផ្ទះវិញ តែនៅតាមផ្លូវលើរថយន្តភ្ញៀវម្នាក់បានបបួលនាងទៅរួមភេទ ដោយសន្យាថាឲ្យប្រាក់១០០ដុល្លារ តែនាងបានបដិសេធមិនទៅជាមួយ ក៏បណ្តាលឲ្យមានការប្រកែកគ្នារហូតឈានដល់ការប្រតាយប្រតប់គ្នា បន្ទាប់មកនាងបានបើកកញ្ចក់រថយន្តស្រែកឲ្យគេជួយ ទើបជនបង្កបានឈប់រថយន្តនិងគេចខ្លួនបាត់ ធ្វើឲ្យនាងមិនអស់ចិត្តក៏បានបង្ហោះវីដេអូតាមបណ្តាញ Tik Tok ជាបន្តបន្ទាប់ និងបន្តស្វែងរកការជួយអន្តរាគមន៍ពីសមត្ថកិច្ចក្បែរកន្លែងកើតហេតុក៏ដូចជាអ្នកសារព័ត៌មានមួយចំនួនផងដែរ។ ដោយការស្វែងការអន្តរាគមន៍ជាច្រើនកន្លែង ពុំអាចទទួលបានដំណោះស្រាយ ទើបនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នាងបានសម្រេចចិត្តទៅប្ដឹងបន្តនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នេះ ថា ក្រោយពេលទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តតាមនិតិវិធីរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កៅ ណូរ៉ា ដែលជាមេការហាងគុយទាវអង្គរជុំ សាខាបឹងសាឡាង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ និងបានបញ្ជូនដល់តុលាការតាមនិតិវិធីនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់។
សូមរម្លឹកថា៖ ក្រោយកើតហេតុភ្លាមៗ តាមសំដីនារីរងគ្រោះបានរៀបរាប់ថា ខ្លួនបានទៅប្តឹងនៅនគរបាលប៉ុស្តិ បឹងសាឡាង ប៉ុន្តែទាំងមេប៉ុស្តិ និងអធិការនគរបាលខណ្ឌទួលគោក ហាក់ព្រងើយកន្តើយមិនអើពើ គ្មានចំណាត់ការផ្តល់យុត្តិធម៍អោយនាង ទើបបង្ខំចិត្តបង្ហោះជាសារ បរិយាយរៀបរាបពីអំពើអសីលធម៍ របស់ជនបង្កជាមេការហាងគុយទាវអង្គរជុំ និងប្តឹងមកកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទើបមានចំណាត់ការ ឈានដល់ឃាត់ខ្លួនជនបង្ក កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ៕
ដោយ៖ចេស្តា