អន្តរជាតិ៖ ក្នុងអំឡុងពេលដែលមានការរាតត្បាតនៃជំងឺឆ្លងកូវីដ– ១៩ បានធ្វើឲ្យទឹកអនាម័យ និងជែលសម្រាប់លាងដៃ បានក្លាយជាទំនិញមានតម្រូវការខ្ពស់ រហូតដល់នៅតាមតំបន់ខ្លះទឹកអនាម័យត្រូវលក់ដាច់អស់ពីស្កុក និងផលិតមិនទាន់ទៀតផង។ ដូច្នេះហើយទើបមានជនខិលខូចមួយចំនួនបានឆ្លៀតឱកាសលួចផលិតទឹកអនាម័យ និងជែលលាងដៃ ដែលគ្មានគុណដើម្បីបន្លំដាក់នៅក្នុងទីផ្សារ។
បើយោតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន CNN បានបញ្ជាក់ថា រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បានរកឃើញទឹកអនាម័យចំនួន ៥ប្រភេទដែលគ្មានគុណភាព និងកំពុងត្រូវបានដាក់លក់ក្នុងទីផ្សារអាមេរិក ដែលទឹកអនាម័យទាំងនោះមានដូចជា៖
១៖Grupo Insoma’s Hand Sanitizer Gel Unscented, 70% alcohol
២៖Transliquid Technologies’ Mystic Shield Protection Hand Sanitizer
៣៖Soluciones Cosmeticas’ Bersih Hand Sanitizer Gel Fragrance Free
៤៖Soluciones Cosmeticas Antiseptic Alcohol 70% Topical Solution Hand Sanitizer
៥៖Tropicosmeticos’ Britz Hand Sanitizer Ethyl Alcohol 70%
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានបញ្ជាក់ថា ទឹកអនាម័យខាងលើនេះត្រូវបានផលិតនៅក្នុងប្រទេសម៉ិចស៊ីកូនិងនាំចូលទៅលក់ក្នុងអាមេរិក ហើយសុំប្រជាពលរដ្ឋទាំងអស់កុំប្រើទឹកលាងដៃទាំង ៥ ប្រភេទនេះអី ព្រោះវាមានគ្រោះថ្នាក់ដល់សុខភាពស្បែកខ្លាំងណាស់ ។
គួរបញ្ជាក់ថា តាមធម្មតាទឹកអនាម័យដែលគ្មានគុណភាពទាំងនោះត្រូវបានផលិតឡើងដោយផ្សំជាមួយនឹងជាតិមេតាណុលខ្ពស់បំផុតអាចពី៦០–៧០ % ហើយកម្រិតដ៏ខ្ពស់នៃជាតិមេតាណុលនេះអាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះស្បែកដៃរបស់លោកអ្នក ៕ដោយ៖ស តារា