ចំណុចរសើប ខណៈរដ្ឋមន្រ្តីផែនការ រកឃើញ អ្នកខ្លះមិនក្រ តែមានបណ្ណក្រីក្រ

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់លើប្រជាពលរដ្ឋ បុគ្គលិក កម្មករ កម្មការិនី ចំពោះការចេញបណ្ណក្រក្រី ដើម្បីជួយសម្រួលដល់ការចំណាយលើសេវាព្យាបាលផ្សេងៗ។
ប៉ុន្តែក្នុងកម្មវិធីឧបត្ថម្ភប្រាក់ដល់អ្នកក្រីក្រនិងជនងាយរងគ្រោះ ទើបតែចាប់ផ្តើមអនុវត្តបានពីរសប្តាហ៍ លោក ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ ក៏សង្កេតឃើញបញ្ហាកើតឡើង រួមមាន គ្រួសារមួយចំនួន មានបណ្ណសមធម៌ (បណ្ណក្រីក្រ) ខណៈគ្រួសារទាំងនោះ មានជីវភាពល្អប្រសើរ, គ្រួសារមួយចំនួន កាន់បណ្ណក្រីក្រហួសសុពលភាព, គ្រួសារមួយចំនួន ពុំទាន់មានបណ្ណសមធម៌, និងគ្រួសារមួយចំនួន ចាប់ផ្តើមបំបែកសមាជិក ដើម្បីឲ្យគ្រួសារថ្មី បានបណ្ណសមធម៌ដែរ។ នេះជាចំណុចចាប់ផ្តើមបង្កើតឱ្យមានភាពមិនប្រក្រតីណាមួយពីមន្ត្រីធ្វើកិច្ចការនេះ គ្មានតម្លាភាព។

តាមរយៈគេហទំព័រក្នុងស្រុកមួយ បានលើកពី បញ្ហានេះដកស្រង់ពីសំដីលោករដ្ឋមន្ត្រីផែនការមកអធិប្បាយថា៖ លោករដ្ឋមន្រ្តី ក្រសួងផែកការ បានសរសេរលិខិតជូនទៅគ្រប់ប្រធានមន្ទីរផែនការរាជធានី-ខេត្ត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់និងបំបាត់ភាពមិនប្រក្រតីទាំងនេះ។ លោក ប្រាប់ប្រធានមន្ទីរ ឲ្យសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីផ្តល់ការណែនាំពីនីតិវិធី ក្នុងការកំណត់អត្តសញ្ញាណកម្មនៃគ្រួសារក្រីក្រ ក្នុងអំឡុងជំងឺកូវីដ-១៩។

គេហទំព័រដដែលបានបន្តថា៖ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ថែមទាំងប្រាប់ប្រធានមន្ទីរឲ្យចុះដល់ឃុំ-សង្កាត់ ដើម្បីណែនាំដល់គ្រួសារ ដែលកំពុងប្រើបណ្ណសមធម៌ហួសសុពលភាព និងដើម្បីពិនិត្យការកំណត់អត្តសញ្ញាណកម្មនៃគ្រួសារក្រីក្រ ដែលពុំទាន់មានបណ្ណសមធម៌។

លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ លើសពីនេះ ប្រធានមន្ទីរ ត្រូវចុះដល់ឃុំ-សង្កាត់ ដើម្បីដកហូតបណ្ណសមធម៌ ពីគ្រួសារ ដែលមានជីវភាពល្អប្រសើរវិញ ហើយក៏ដើម្បីដោះស្រាយភាពមិនប្រក្រតី រួមទាំងការតវ៉ានានាដែរ។ នេះជាប្រសាសន៍របស់លោករដ្ឋមន្រ្តីដដែល ដែលនិយាយទៅកាន់ប្រធានមន្ទីររបស់លោក ក្នុងលិខិតនោះ។

តាមពិតទៅ មិនមែនតែលោករដ្ឋមន្ត្រីក្រសួងផែនការទេ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏សង្កេតឃើញបញ្ហាក្នុងកម្មវិធីជំនួយនេះដែរ។ រដ្ឋមន្រ្តីមហាផ្ទៃ អះអាងថា ភាពមិនប្រក្រតីមួយចំនួន ដែលកើតឡើង មានដូចជា «ការយកកម្លៃសេវាពីប្រជាពលរដ្ឋ» ដែលទៅផ្ទៀងផ្ទាត់ឈ្មោះទទួលប្រាក់ឧបត្ថម្ភ និង «ការគប់គិតបន្លំដកយកថវិការរបស់ប្រជាពលរដ្ឋ» ដែលជាអ្នកទទួលផល ក្នុងកម្មវិធីជំនួយនេះ ជាដើម។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រូី បានដាក់លិខិតទៅគ្រប់អភិបាលរាជធានី-ខេត្ត ដើម្បីទប់ស្កាត់។ តាមរយៈលិខិតរបស់ខ្លួន នៅថ្ងៃទី១០ ខែកក្កដា សម្តេច សង្កត់ធ្ងន់ជាមួយអភិបាលរាជធានី-ខេត្ត យ៉ាងដូច្នេះថា៖«រដ្ឋបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការឲ្យបានម៉ឺងមាត់ចំពោះមន្រ្តីឃុំ-សង្កាត់ណា ដែលបានអនុវត្តមិនប្រក្រតីណាមួយក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ»។
សម្តេចគ្មានការយោគយល់ អនុគ្រោះលើកលែងលើមន្ត្រីណា ធ្វើកិច្ចការនេះគ្មានតម្លាភាពឡើយ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print