ឥណ្ឌូនេសុី៖ នៅក្នុងប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១៣ ខែកក្កដានេះ
មានការរញ្ជូយដីជាបន្តបន្ទាប់ ហើយភាគច្រើនមានកម្រិត៥រ៉ិចទ័រ គឺមានកម្លាំងគ្រប់គ្រាន់ធ្វើឲ្យតំបន់ជាច្រើនកក្រើកញាប់ញ័រ។
មកទល់ពេលនេះមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតនៅឡើយទេ។ មជ្ឈមណ្ឌលព្យាករអាកាសធាតុនិងភូគព្ភសាស្ត្រឥណ្ឌូនេស៊ី (BMKG) បានឲ្យដឹងថា ការរញ្ជួយដី លើកដំបូងមានកម្រិត ៥,២រិុចទ័រ ធ្វើឲ្យកក្រើកញាប់ញ័រទីក្រុងYogyakarta លើកោះជ្វា(Java) នៅវេលាម៉ោង២និង៥០នាទី ក្នុងជម្រៅ១០គីឡូម៉ែត្រ។
ការរញ្ជួយដីនោះមិនបង្កឲ្យមានរលកសមុទ្រធំៗ ក្លាយទៅជាស៊ូណាមិនោះឡើយ។ ជាមួយគ្នានេះតំបន់ជិតខាងនៅលើកោះជ្វា ដូចជា Purworejo និង Wonogiri នៅខេត្តភាគកណ្តាល និងភាគខាងកើត កោះជ្វាក៏កក្រើករញ្ជួយផងដែរ។
រញ្ជួយដីលើកទីពីរ មានកម្រិត៥,៥រ៉ិចទ័រ កើតឡើងនៅវេលាម៉ោង៧និង ៥៨នាទីយប់ថ្ងៃទី១៣ខែកក្កដា ធ្វើឲ្យកក្រើកទីក្រុងBanda Aceh ស្ថិតនៅក្នុងខេត្តAceh ។ ចំណែកការរញ្ជួយដីលើកទី៣ មានកម្រិត៥,២រ៉ិចទ័រ នៅវេលាម៉ោង៩យប់(ពេលវេលានៅឥណ្ឌូនេស៊ី) នៅក្នុងស្រុកMaluku ខេត្តMaluku ។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ណាមួយស្តីពីការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតដោយសារការរញ្ជួយដីនោះនៅឡើយទេ៕
ដោយ៖ ធី រីណា