ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបលឿនពេកជ្រុលចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបោកក្បាលនឹងចង្កូតរថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ១០០៨កែងនឹងផ្លូវលេខ៥៩៨ ក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពក ភីរម្យ អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មុខរបរជាមន្ត្រីរាជការនៅអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ISUZU MU-X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-2722 បើកតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុក៏ស្រាប់តែរេចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹងធ្វើឱ្យរថយន្តវិលមួយជុំ ហើយអ្នកបើករថយន្តក៏បោកក្បាលនឹងចង្កូតរថយន្តស្លាប់នៅនឹងកន្លែងផងដែរ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហើយបានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងមកស្ទូចយករថយន្តទៅរក្សាទុក និងធ្វើកំណត់ហេតុ ដើម្បីប្រគល់សពជូនទៅឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ