រថយន្តឡិចសុីសRX330 ពន្លះគូទរថយន្តបាញ់បេតុងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្តឡិចសុីសRX330មួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកគូទរថយន្តបាញ់បេតុងយ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកបើករូបនោះរងរបួសធ្ងន់។ ចំណែករថយន្តខ្ទេចផ្នែកខាងមុខស្ទើរតែទាំងស្រុង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបាញ់បេតុងមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ5A-2426ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុខាងលើបានស៊ីញ៉ូបម្រុងបត់ឆ្វេងចូលទៅផ្លូវបេតុងម្ខាងទៀត ប៉ុន្តែមិនទាន់ទាំងបានបត់ផងក៏មានរថយន្តឡិចសុីសRX330 មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BH-8865បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកគូទរថយន្តបាញ់បេតុងពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបើកបររថយន្តឡិចសុីសនោះរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។ចំណែករថយន្តបានខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង។រីឯរថយន្តបាញ់បេតុងមិនមានរងការខូចខាតធ្ងន់ធ្ងរនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ ហើយក៏មានតំណាងរបស់រថយន្តទាំងសងខាងបានចុះមកដល់កន្លែងកើតហេតុដែរ រួចសមត្ថកិច្ចបានឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នាអស់រយៈពេលជិតមួយម៉ោងទើបភាគីទាំងសងខាងសុខចិត្តយករថយន្តទៅជួសជុលរៀងៗខ្លួន៕ ដោយនិន សុភ័ស្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print