អន្តរជាតិ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានប្រកាសនៅថ្ងៃចន្ទ ខែកក្កដាម្សិលមិញនេះថា ខ្លួនបានរកឃើញករណីឆ្លងថ្មី ចំនួន២០,២៨៦ករណី និងអ្នកជំងឺ ៧៣៣នាក់ បន្ថែមទៀតបានស្លាប់ ដោយគិតមកទល់ពេលនេះចំនួនអ្នក ១,១៥៤,៨៣៧ នាក់បានជាសះស្បើយ។នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បញ្ជាក់ថា យោងតាមរាយការណ៍ប្រទេសប្រេស៊ីលថា ខ្លួនមានករណីឆ្លង COVID-19 សរុបចំនួន១,៨៨៤,៩៦៧ករណីហើយ ក្នុងនោះអ្នកជំងឺ ៧២,៨៨៣នាក់បានស្លាប់។
គួរបញ្ជាក់ថា សៅប៉ូឡូ ជារដ្ឋ ដែលមានចំនួនប្រជាជានប្រហែលជា ៤៥លាននាក់ ច្រើនជាងគេនៅប្រទេសប្រេស៊ីល ហើយក៏រដ្ឋរងផលប៉ះពាល់ខ្លាំងបំផុត ដែលរ៉ាប់រងករណីឆ្លងសរុបចំនួន ៣៧៤,៦០៧ករណី ក្នុងនោះ ១៧,៩០៧នាក់បានស្លាប់ ចំណែកឯទីក្រុងរីយ៉ូ មានករណីឆ្លងសរុបចំនួន ១៣២,០៤៤ករណី ក្នុងនោះ ១១,៤៧៤នាក់បានស្លាប់ និង ទីក្រុង សៀរ៉ា (Ceara) មានករណីឆ្លងសរុបចំនួន ១៣៧,២០៦ករណី ក្នុងនោះ ៦,៩៤៧នាក់បានស្លាប់។
សូមជម្រាបថា បច្ចុប្បន្ននេះប្រេស៊ីល ក្លាយជាប្រទេសលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក៕ដោយ៖ស តារា