សមត្ថកិច្ចបន្តសួរនាំជនសង្ស័យ ៥នាក់ ពាក់ព័ន្ធបង្ហោះសារលក់ដីខ្យល់២.០០០ហិកតា

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រភពព័ត៌មានពីមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២០ នេះថា មន្រ្តីនគរបាលទទួលផែនការងារព្រហ្មទណ្ឌបន្តធ្វើការសាកសួរជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីបង្ហោះសារតាមបណ្ដាញសង្គម(ហ្វេសប៊ុក)លក់ដីចំនួន ២.០០០ហិកតា ដែលដីនោះស្ថិតនៅភូមិដំបូក១០០ និងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជនសង្ស័យទាំងចំនួន ៥នាក់ត្រូវឃាត់ខ្លួននេះមាន៖
ទី១- ឈ្មោះ អុឹម ចាន់ថន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។ទី២ -ឈ្មោះ អ៊ុំ សារី ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ ។
ទី៣ -ឈ្មោះ ឈិត វិរៈ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ។
ទី៤- ឈ្មោះ សួន ស្រីពៅ ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ ។
ទី៥-ឈ្មោះ ទីវ សុជា ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំង ៤នាក់នេះ រស់នៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យទាំងនេះត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចហាងមួយកន្លែង ស្ថិតនៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ តាមបណ្ដឹងរបស់ឈ្មោះ វ៉ាន់ លឹមសេង ហៅហ័រ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ជាតំណាងក្រុមហ៊ុន(ភាពីមុិច) ។
ករណីឃាត់ខ្លួនជនសង្ស័យទាំងចំនួន ៥នាក់ខាងលើនេះ លោក វ៉ាន់ លឹមសេង ហៅហ័រ តំណាងក្រុមហ៊ុន(ភាពីមុិច)ដែលជាម្ចាស់បណ្ដឹងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមរយៈទូរស័ព្ទថា ការឃាត់ខ្លួនជនសង្ស័យទាំងនេះធ្វើឡើយបន្ទាប់ពីពួកគាត់បានបង្ហោះសារលក់ដី ក្នុងតំលៃ(២១០០០$)ពីរមុឺនមួយពាន់ដុល្លារក្នុង១ហិកតា ដោយបានឆ្លងឆ្លើយគ្នាតាមរយៈបណ្ដាញសង្គម(ហ្វេសប៊ុក)រហូតបានជួបគ្នា និងនាំទៅស្គាល់ទីតាំងដីដែលពួកគាត់បង្ហោះលក់ ។
តំណាងក្រុមហ៊ុនលោក វ៉ាន់ លឹមសេង ហៅហ័រ បន្តថា ដីដែលពួកគាត់បង្ហោះលក់នេះជាដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន(ភាពីមុិច) និងបានផ្ទេរមកសង្គមកិច្ចគ្រោងនឹងចែកជូនប្រជាពលរដ្ឋទីទាល់ក្រ ជាពិសេសប្រជាពលរដ្ឋឃុំកំពង់លួង ស្រុកក្រគរ(ផ្ទះផែបណ្ដែតលើផ្ទៃទឹក)តែម្ដង ដោយឃើញទង្វើខុសប្រក្រតីបែបនេះលោកបានរាយការណ៍ជូនលោកអភិបាលខេត្តពោធិ៍សាត់ ដើម្បីបន្តការងារជាមួយគាត់ទាំងនេះ ដោយបានប្រើល្បិចខ្ញុំ( វ៉ាន់ លឹមសេង ហៅហ័រ)ដើរតួជាអ្នករកទិញដី ដែលមានលោកអភិបាលរងខេត្តពោធិ៍សាត់ដើរតួជាឧកញ៉ា(ថៅកែទិញដី) ទើបឈានដល់ហូបបាយជុំគ្នាដើម្បីចចារតំលៃ និងឯកសារពាក់ព័ន្ធ រួចក៏ក្រសោបយកទាំងអស់មកបន្តនីតិវិធីតែម្ដង នេះជាមុខរបរលក់ដីខ្យល់ ៕ ដោយ៖បុឹម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print