នៅឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានត្រពាំង ១ ហៅថា ” ត្រពាំងលាក់នង្គ័ល ” ។ បានជាមានឈ្មោះដូច្នេះ ព្រោះមានរឿងព្រេងដំណាលតៗគ្នាមកថា :
មានកុមារម្នាក់ជាក្មេងកំព្រា គ្មានមាតាបិតា រសាត់ព្រាត់ អនាថាឥតញាតិសន្ដានគ្រប់គ្រង ។ ចៅកំព្រានោះបានទៅនៅក្ដី(២) ពឹងពាក់សំណាក់អាស្រ័យនឹងលោកគ្រូមេវត្ត ប៉ាយម៉ាក(៣) ។
លោកគ្រូពិនិត្យឃើញចៅកម្សត់នោះជាក្មេងស្លូតត្រង់ ក៏មានព្រះទ័យអាណិតអាសូរករុណា ទទួលកុមារនោះឲ្យនៅរៀនអក្សរ ។ កុមារនោះ អាប់ប្រាជ្ញាណាស់ រៀនយូរឆ្នាំបានចេះចាំតែអក្សរ ១១ តួ កាលលោកគ្រូដាក់ច្បាប់ឲ្យរាប់ ន មោ ចាំហើយ ដល់ដាក់ ពុ ទ្ធា ឲ្យទន្ទេញតទៅទៀត ភ្លេចឯ ន មោ ឈឹង ទោះបីលោកបង្ខំយ៉ាងណាក៏ចេះចាំបានតែ ន មោ ដល់ ឥ ឦ ប៉ុណ្ណោះ សូម្បីលេខនព្វន្តគុណហារអ្វីក៏គ្មានចេះបន្តិចបន្តួចណាសោះឡើយ ហើយកុមារចេះតែព្យាយាមទន្ទេញអក្សរថា ឥ ឦ ៗ ទាំងយប់ឥតឈប់ឈរឮសូរក្ដែងៗ ហេតុដូច្នេះ បានជាអ្នកស្រុកអ្នកភូមិគេហៅថា ” ចៅ ឥ ឦៗ (៤) ” គ្រប់គ្នា ។
មានកាលមួយថ្ងៃ លោកគ្រូនឹកភ្នកក្នុងចិត្តថា “ចៅ ឥ ឦនេះមកនៅក្ដីយូរឆ្នាំហើយ គ្មានចេះចំណេះអ្វីបន្តិចសោះ តែវាចេះគោរពប្រណិប័តន៍អាត្មាអញមិនឲ្យមានហ្មង កិរិយាមារយាទវាក៏សុចរិតស្លូតត្រង់ល្អណាស់ ” ។ ទើបលោកហៅចៅ ឥ ឦ មកឲ្យដំបូន្មាន ប្រៀនប្រដៅសព្វគ្រប់ អំពីច្បាប់ចូលទៅនៅអាស្រ័យនឹងមន្ត្រី ផ្គាប់បុណ្យសក្ដិ ហើយលោកមានពុទ្ធដីកាទៅកាន់ចៅ ឥ ឦ ថា ” នែកុមារ ! ចៅមកនៅវត្ត រៀនអក្សរទាំងពីក្មេងតូចរហូតដល់ធំពេញកំលោះហើយ មិនចេះអក្សរសោះ បើដូច្នេះ អាចក្ដី(១) នឹងនាំចៅឯងឲ្យទៅនៅបម្រើនាហ្មឺនធំ ចូរចៅត្រង់ត្រាប់តាមច្បាប់ដែលអាចក្ដីប្រដៅនេះទៅ ក្រែងលោកបានជាធំ ” ។
កាលចៅ ឥ ឦ ព្រមទទួលតាមពុទ្ធដីកា ឥតមានប្រកែក ហើយលោកគ្រូនោះក៏នាំចៅ ឥ ឦ ទៅជូននាហ្មឺនធំម្នាក់ សុំផ្ញើឲ្យនៅធ្វើជាកូនក្មួយបម្រើគេ ហើយលោកគ្រូមានពុទ្ធដីកានឹងមន្ត្រីនោះថា ” អាចក្ដីយកក្មេងនេះមកនៅបម្រើលោក បើក្មេងនេះទាស់ខុសឆ្គាំឆ្គងយ៉ាងណាៗ សូមលោកមេត្តាអភ័យទោសប្រដែប្រដៅឲ្យទានផងចុះ ព្រោះវាជាមនុស្សកំព្រាឥតមេបាទេ នៅតែនឹងអាចក្ដីតាំងពីតូចមក ” ។
មន្ត្រីនោះក៏ទទួលចៅ ឥ ឦ ឲ្យនៅក្នុងផ្ទះបម្រើបម្រាស់តាមធម្មតា ឃើញចៅ ឥ ឦ មានគំនិតមារយាទសុចរិតពិតត្រង់ល្អក៏ស្រឡាញ់ ប៉ុន្តែដោយហេតុចៅ ឥ ឦ មិនចេះលេខ មិនចេះអក្សរសោះ គេនឹងឲ្យធ្វើជានាហ្មឺនមានយសស័ក្ដិថ្នាក់ណាមួយក៏មិនកើត ។ លុះចំណេរកាលទៅប្រហែលជា ១០ ឆ្នាំប្លាយ ចៅ ឥ ឦ ក៏លាមន្ត្រីនោះវិលទៅសុំលោកគ្រូមេវត្ត ប៉ាយម៉ាក បួស លោកគ្រូនោះក៏បំបួសឲ្យត្រឹមជាសាមណេររក្សាសីល ១០ ព្រោះល្ងង់ខ្លៅណាស់ នឹងឲ្យបួសជាភិក្ខុមិនកើត ។
លុះបានបួសជាសាមណេរហើយ អ្នកផងហៅថា លោកនេន ឥ ឦ ។ ចំណេរកាលជាលំដាប់មក ដោយលោកនេន ឥ ឦ ជាអ្នកខ្សត់លាភៈ សក្ការៈ ទាំងកូនសិស្សក៏គ្មានផង ក៏លោកគ្រូទៅបញ្ចុះបញ្ចូលបបួលក្មេងម្នាក់ឈ្មោះចៅ យ៉ោក មកនៅបម្រើដើម្បីឲ្យស្រួលក្នុងការចិញ្ចឹមជីវិត ។ នៅរដូវភ្ជុំបិណ្ឌដែលលោកកុដិឯទៀតៗ គេបាននំចំណីច្រើន វេលាយប់ស្ងាត់ ចៅ យ៉ោក ដើររើសសំបកអន្សម នំគមក្រោមកុដិគេមកដាក់ក្រោមកុដិលោកគ្រូ ឥ ឦ ឲ្យឃើញច្រើនជាងកុដិដទៃ ដើម្បីបង្អួតគេថា លោកគ្រូខ្លួនមាននំចំណីច្រើនជាងគេ ។
ថ្ងៃមួយ ចៅ យ៉ោក ជាកូនសិស្សបានឃើញអ្នកស្រែម្នាក់កំពុងភ្ជួរស្រែនៅក្បែរត្រពាំងមួយ ដែលពេលល្ងាចគេដោះគោចេញ ទុកនង្គ័លក្បែរត្រពាំងនោះ ហើយគេដឹកគោទៅផ្ទះ ។ កាលគេចេញផុតទៅ ចៅ យ៉ោក យកនង្គ័លគេទៅលាក់ក្នុងទឹកត្រពាំង ហើយទៅរៀបរាប់ប្រាប់លោកគ្រូ ឥ ឦ ថា “ខ្ញុំករុណាបានយកនង្គ័លនោះបែរយាមទៅខាងនេះ ដងទៅខាងនោះ សូមលោកគ្រូចាំទាយតាមដំណើរនោះចុះ បើគេមករកឲ្យទាយ ” ។
ព្រឹកឡើង ម្ចាស់នង្គ័លដឹកគោមកភ្ជួរ មិនឃើញនង្គ័ល ក៏ខំដើររកគ្រប់ច្រកល្ហក បានជួបប្រទះនឹងចៅ យ៉ោកៗ សួរថា ” លោកពូទៅណាមកណាក៏រលាំងខ្លាំងម្ល៉េះ ? ” ។ ម្ចាស់នង្គ័លប្រាប់ថា ” អាវ៉ាអើយ ចោរវាលួចនង្គ័លពូបាត់ទៅហើយយប់មិញ រកមិនឃើញសោះ ” ។
ចៅ យ៉ោក ប្រាប់ថា “បើដូច្នោះ លោកពូយកទៀនធូបម្លូស្លាទៅប្រគេនលោកគ្រូខ្ញុំឈ្មោះលោកតា ឥ ឦ សុំឲ្យលោកទាយឲ្យចុះ លោកគ្រូខ្ញុំទាយឆុតណាស់ ” ។ ម្ចាស់នង្គ័លក៏វិលទៅផ្ទះ យកទៀនធូបម្លូស្លាទៅរកលោកតា ឥ ឦ សុំឲ្យលោកទាយឲ្យ ។ ឯលោកតាកាលបានទទួលទៀនធូបម្លូស្លាហើយ ក៏គន់គូរមើលហើយសាសព្ទថា ” នង្គ័លនោះ មានចោរនាំទៅលាក់ក្នុងទឹកត្រពាំង នៅក្បែរស្រះនោះ ដងវាបែរទៅខាងត្បូង, យាមទៅខាងជើង ផ្នៀងទៅខាងលិច ” ។ ម្ចាស់នង្គ័លទៅរកតាមទំនាយនោះ ក៏បានឃើញពិត ដូចទំនាយលោកគ្រូ ឥឦ ទាយនោះមែន ។ តាំងពីពេលនោះមក ក៏ល្បីរន្ទឺឮទៅសព្វទិសថា លោកតា ឥ ឦ ទាយឆុតណាស់ មនុស្សទាំងក្មេងទាំងចាស់ តែមានអ្នកអាសន្នអន់ក្រ ក៏រត់ទៅរកលោកគ្រូ ឥ ឦ ទាយឲ្យ ។
ដោយហេតុមានរឿងដូច្នេះ បានជានៅឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានត្រពាំង ១ ឈ្មោះថា ” ត្រពាំងលាក់នង្គ័ល ” ជាប់តាំងពីពេលនោះមក ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)