ភ្នំពេញ៖ មន្ត្រីជំនាញ រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់សាព័ត៏មានយើងឲ្យដឹងថ្ងៃទី១៥ កក្កដានេះថា៖ ក្រុមជំនាញ ផ្នែកលូ ប្រឡាយ និងអគិ្គសនី សូមជូនដំណឹងទៅប្រជាពលរដ្ឋដែល រស់នៅតំបន់ខាងលិច ខាងកើតស្តុប ណ័រប្រ៊ីត និងខាងត្បូងព្រលានយន្តហោះនឹងសូមកុំភិតភ័យ អស់កង្វល់ពីការលិចលង់ដោយជំនន់ទឹកភ្លៀងទៀតហើយ ចាប់ពីថ្ងៃស្អែកនេះតទៅ ដោយសារថា នៅពេលនេះអគ្គិសនីកម្ពុជាបានចុះដោះស្រាយរំកិល បង្គោលភ្លើងនៅផ្លូវប្រឡាយបារាំង ដើម្បី ឲ្យ ក្រុមការងារ ការដ្ឋានបានភ្ជាប់លូមេ បណ្តោះ អាសន្នទៅលូប្រអប់ទំហំ៧.៥ម៉ែត្រ កំពស់ ២.៥ម៉ែត្រ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីហួត សុខលីម មន្ត្រីទទួលបន្ទុកផ្នែកជំនាញ ផ្លូវ លូ ប្រឡាយ និងអគិ្គសនី នៅរាជធានីភ្នំពេញ ។ លោកបានបញ្ជាក់ថា ដើម្បីដោះ ស្រាយទឹកលិចខាងលិចស្តុបណ័រប្រ៊ីត នៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០នេះអគ្គិសនីកម្ពុជាបានចុះដោះស្រាយរំកិល បង្គោលភ្លើងនៅផ្លូវប្រឡាយបារាំង ដើម្បីឲ្យ ការដ្ឋានភ្ជាប់លូមេ បណ្តោះ អាសន្នទៅលូ ប្រអប់ទំហំ ៧.៥ម៉ែត្រ កំពស់ ២.៥ម៉ែត្រ ដោះស្រាយទឹកលិចនៅខាងលិចស្តុបណ័រប្រ៊ីត តំបន់ខាងកើត និងខាងត្បូងព្រលានយន្តហោះ។ ការភ្ជាប់លូបណ្តោះអាសន្ននេះ សង្ឃឹមថានឹងកាត់បន្ថយការលិចលង់ចាប់ពីថ្ងៃស្អែកតទៅ។
មន្ត្រីរូបនេះបានបន្ដថា៖ ការដ្ឋានប្រឡាយបេតុងស្ទឹងមានជ័យ និងការដ្ឋានដាក់លូប្រអប់ទទឹង ៧.៥ម៉ែត្រកំពស់ ២.៥ម៉ែត្រ ចាប់ទ្វារទឹកដើមស្លែងដល់ផ្លូវលូ ៥ សម្រេចបាន ៨០% ហើយបានដាក់អោយដំណើរការតាមកំណាត់ឃើញថា តំបន់ភូមិសាស្ត្រចាប់ពីផ្លូវណ័រប្រ៊ីតដល់ផ្លូវលេខ ២៧១ មិនរងការលិចលង់ធ្ងន់ធ្ងរដូចមុនទៀតទេ។ រីឯតំបន់នៅ ចន្លោះផ្លូវណ័រប្រ៊ីតដល់ព្រលានយន្តហោះ ពោធិ៏ចិនតុង នឹងធូរស្រាលខ្លះចាប់ពីថ្ងៃស្អែក និងធូរស្រាលស្ទើរទាំងស្រុងនៅប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីការដ្ឋានលូប្រអប់បញ្ចប់ ១០០ភាគរយនៅបំណាច់ខែសីហាខាងមុខផងដែរ។
សូមបញ្ជាក់ថា៖ ដោយមានការចង្អុលបង្ហាញពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមការងារយកទ្បានចំនួន០៤គ្រឿង ធ្វើការបូមស្តារអណ្តូងដែលស្ទះដក់ទឹកហូរមិនទាន់ធ្វើអោយមានការលិចនៅលើ កំ ណាត់ ផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ សំរិត