អន្តរជាតិ ៖ កំពូលអ្នកសេដ្ឋកិច្ចរបស់ប្រទេសថៃ គឺលោក Somkid Jatusripitak ឧបនាយករដ្ឋមន្រ្តី បានលាលែងពីតំណែងរួមជាមួយរដ្ឋមន្ត្រីចំនួន ៣រូប ដែលធ្វើការឱ្យលោកផងដែរ ដោយបើកផ្លូវសម្រាប់ការរុះរើគណៈរដ្ឋមន្រ្តីនៃក្រុមសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថៃ។ ដោយមន្ត្រីចំនួន៣នាក់ទៀតនោះ គឺរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Uttama Savanayana, រដ្ឋមន្រ្តីក្រសួងថាមពល និង រដ្ឋមន្រ្តីក្រសួងឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងការច្នៃប្រតិដ្ឋ។ មិនតែប៉ុណ្ណោះអគ្គលេខាធិការរងរបស់នាយករដ្ឋមន្ត្រី ដែរនៅក្នុងក្រុមរបស់លោក Somkid ក៏បានលាលែងផងដែរ។
នាយករដ្ឋមន្រ្តីលោក Prayut Chan-o-cha នៅពេលអ្នកយកព័ត៌មានសួរអំពីការលាលែងនេះ លោកបាននិយាយថា៖«ខ្ញុំមិនដឹងទេ ខ្ញុំមិនបានឃើញលិខិតទេ»។ ដោយឡែកប្រភពនៅក្នុងគណបក្ស Palang Pracharat ដែលកំពុងកាន់អំណាចរបស់លោក Prayut Chan-o-cha បានផ្តល់ចម្លើយផ្ទុយគ្នានៅពេលត្រូវបានសុំទាក់ទងពីសារព័ត៌មានរ៉យទ័រ។ លោក Uttama Savanayana បានលាឈប់ពីគណបក្សកាលពីសប្តាហ៍មុន រួមជាមួយរដ្ឋមន្រ្តី ២រូបទៀត នៅចំពេលមានពាក្យចចាមអារាមអំពីការរុះរើគណៈរដ្ឋមន្រ្តីដែលនឹងកើតឡើង ប៉ុន្តែពួកគេទាំងអស់នៅតែស្ថិតក្នុងតំណែងគណៈរដ្ឋមន្រ្តីរបស់ពួកគេ។
លោក Somkid Jatusripitak មិនមែនជាសមាជិករបស់បក្ស Palang Pracharat ទេ ប៉ុន្តែគាត់ត្រូវបានគេចាត់ទុកថាជាអ្នកផ្តល់ប្រឹក្សាសេដ្ឋកិច្ចដល់លោក Prayut Chan-o-cha ចាប់តាំងពីលោកបានផ្តួលរំលំរដ្ឋាភិបាលលោកស្រី Yingluck Shinawatra កាលពីឆ្នាំ២០១៤។លោក Somkid Jatusripitak បានធ្វើការនៅជាអ្នកប្រឹក្សាសេដ្ឋកិច្ចនៅក្នុងរដ្ឋបាល ចាប់តាំងពីជំនាន់ឆ្នាំ២០០០ មកម៉្លេះ។
សូមជម្រាបថា ការផ្លាស់ប្តូរក្រុមសេដ្ឋកិច្ចកំពូលរបស់ថៃ អាចធ្វើឱ្យសេដ្ឋកិច្ចថៃធ្លាក់ចុះថែមទៀត ខណៈរដ្ឋាភិបាលព្យាយាមកាត់បន្ថយការខូចខាតពីជំងឺរាតត្បាត COVID-19 ដែលមានតម្លៃរាប់ពាន់លានដុល្លារ នៅក្នុងវិធានការជំរុញសេដ្ឋកិច្ចដែលត្រូវបានចាប់ផ្តើម និងគម្រោងវិនិយោគធំ ដែលបានចេញចោលលលយូរហើយតែមិនទាន់បានសម្រេចមួយណាទេ៕ដោយ៖ស តារា