រថយន្តដឹកគ្រឿងចក្របើកបុកពីក្រោយម៉ូតូគុបស្លាប់ម្នាក់នៅនឹងកន្លែង ម៉ូតូជាប់ពីក្រោមរថយន្តអូសជាង១០០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកើតឡើង ដោយសាររថយន្តដឹកគ្រឿងចក្របើកបុកម៉ូតូហុងដាគុបពីក្រោយ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះស្លាប់ក្នុងឧប្បត្តិហេតុខាងលើឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងកាត់សក់ និងបើកបររថយន្តដឹកដី មានទីលំនៅភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ មានកូន៣នាក់ ប្រុស១នាក់ ស្រី២នាក់ ក្នុងបន្ទុកគ្រួសារ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា គុបជ្រុង សេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1BU-2327 តែម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៣ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កម៉ាកហុីណូ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-0241 ជារថយន្តសម្រាប់ដឹកគ្រឿងចក្របានបើកពីជើងទៅត្បូងស្របទិសគ្នាក្នុងល្បឿនលឿនជ្រុលមកបុកពីក្រោយម៉ូតូរងគ្រោះ បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយធ្លាយពោះវៀនដាច់ថ្លើមមកក្រៅគួរឲ្យរន្ធត់ រីឯរថយន្តមានជាប់ម៉ូតូពីក្រោមព្យាយាមបើកទៅមុខជាង១០០ម៉ែត្រទើបឈប់ចត រួចអ្នកបើកបរចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ ក្រុមគ្រួសារសពស្រែកទ្រហោយំយ៉ាងខ្លាំង រួចយកសពទៅធ្វើបុណ្យតាមប្រពៃណីឯផ្ទះនៅក្បែរកន្លែងកើតហេតុនោះដែរ ។ ជុំវិញករណីខាងលើ សមត្ថកិច្ចចុះទៅពិនិត្យរួចប្រគល់ទៅនគរបាលជំនាញចុះទៅវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ៕ដោយ​ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print