ក្រុមអធិរាជស Real Madrid បានឈ្នះពានរង្វាន់លីកកំពូលអេស្ប៉ាញ La Liga សម្រាប់រដូវកាល ២០១៩-២០២០នេះ បន្ទាប់ពីយកឈ្នះ ២-១ ទៅលើក្រុម Villarreal កាលពីយប់ថ្ងៃព្រហស្បតិ៍។ ជ័យជម្នះនេះធ្វើឲ្យក្រុម Real Madrid ឈ្នះពិន្ទុដាច់ក្រុមលេខ២ Barcelona ដែលប្រកួតចាញ់កាលពីយប់មិញ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema រកបាន១គ្រាប់នាំមុខនៅនាទីទី២៧ ហើយបន្ទាប់មកបានស៊ុតបាល់ប៉េណាល់ទី១គ្រាប់ទៀតនៅនាទីទី៧៧ដើម្បីជួយឲ្យ Real Madrid នាំមុខ ២-០ ។ ក្រោយមកនៅនាទីទី៨៥ កីឡាករ Vicente Iborra បានសុទ្ធបញ្ចូលទីឲ្យ Villarreal បានមួយគ្រាប់វិញ។
ជ័យជម្នះនេះមានន័យថា Real Madrid បានក្លាយជាជើងឯកបើទោះបីជាពួកគេនៅសល់១ប្រកួតទៀតចប់រដូវកាលក៏ដោយដែលបង្ហាញពីឧត្តមភាពនៃក្រុមរបស់លោក Zinedine Zidane ចាប់តាំងពីកម្មវិធីប្រកួតបាល់ទាត់បានវិលត្រឡប់មកវិញនៅប្រទេសអេស្ប៉ាញកាលពីជាងមួយខែមុនដោយបំបែកកំណត់ត្រាឈ្នះ១០ដងក្នុង១០ប្រកួត។
គ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane បាននិយាយថា ការផ្សាភ្ជាប់ពានរង្វាន់ La Liga ជាលើកដំបូងជាមួយ Real Madrid ក្នុងរយៈពេល៣ឆ្នាំបានធ្វើឲ្យគាត់សប្បាយចិត្តជាងការឈ្នះពានរង្វាន់ Champions League ទៅទៀត។
គ្រូបង្វឹកក្រុម Real Madrid រូបនេះបានបន្តថា “នេះគឺប្រសើរជាងអ្វីៗទាំងអស់ វាត្រូវការការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឈ្នះពាន La Liga។ បន្ទាប់ពីការប្រកួតចំនួន៣៨លើកក្រុមយើងនៅតែអាចរឹងមាំបាន។ ការវិលត្រឡប់មកការប្រកួតវិញដោយគ្មានអ្នកគាំទ្រវាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ប៉ុន្តែពួកយើងនៅតែមានទឹកចិត្តសម្រេចគោលដៅរបស់យើង នោះគឺពានLa Liga”។
សូមបញ្ជាក់ថា ពានលីកកំពូលអេស្ប៉ាញកាលពីរដូវកាល ២០១៨-២០១៩ បានទៅលើក្រុមអ្នកមានបុណ្យ Barcelona ខណៈដែលក្របខ័ណ្ឌកំពូលអេស្ប៉ាញ La Liga រដូវកាលនេះនៅសល់១ប្រកួតទៀតនឹងចប់រដូវកាល ដោយក្រុមម្ចាស់ពាន Real Madrid ឈ្នះពិន្ទុក្រុមលេខ២ Barcelona រហូតដល់៧ពិន្ទុ។ ក្នុងនោះក្រុម Real Madrid ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Leganes នៅថ្ងៃទី២០ ខែកក្កដា ដើម្បីប្រកួតបង្គ្រប់កិច្ចបញ្ចប់រដូវកាលនេះ ៕
https://youtu.be/nnXMuwfFPKM
ដោយ៖ ភារៈ