អាជ្ញាធរប្រទេសអ៊ុយរ៉ាហ្គាយបានប្រកាសថា បាល់ទាត់លីកកំពូលរបស់អ៊ុយរ៉ាហ្គាយនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី៨ ខែសីហា ដែលគូប្រកួតដំបូងគឺជាការជួបគ្នារវាងក្រុម Penarol និង Nacional។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៧ កក្កដានេះ។
ការចាប់ផ្តើមប្រកួតបាល់ទាត់ឡើងវិញនេះមានរយៈពេលជិត៥ខែបន្ទាប់ពីរដូវកាលត្រូវបានផ្អាកដោយជំងឺសារកូវីដ-១៩ ដែលក្លាយជាជំងឺរាតត្បាតទូទាំងពិភពលោក។ នៅខែមិថុនាសមាគមបាល់ទាត់អ៊ុយរ៉ាហ្គាយ (AUF) បានកំណត់យកខែសីហាជាកាលបរិច្ឆេទវិលត្រឡប់វិញ។
ប្រធាន AUF លោក Ignacio Alonso បានប្រាប់សន្និសីទសារព័ត៌មានថា “សម្រាប់ពួកយើងវាគឺជាថ្ងៃនៃការពេញចិត្តពីព្រោះយើងកំពុងប្រាស្រ័យទាក់ទងជាមួយមនុស្សដែលយើងនឹងលេងម្តងទៀត ហើយយើងនឹងវិលត្រឡប់ទៅរកកាលវិភាគច្បាស់លាស់វិញ។ ការប្រកួតនឹងត្រូវបានលេងដោយបិទទ្វារ សម្រាប់រដូវកាលឡើងវិញនេះគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២១” ។
លីកកំពូលអ៊ុយរ៉ាហ្គាយបច្ចុប្បន្នក្រុម Rentistas កំពុងនាំមុខឈរកំពូលតារាង Liga Uruguaya Apertura ជាមួយនឹងជ័យជម្នះ៣លើកជាប់គ្នា ដែលដាច់៤ពិន្ទុនាំមុខក្រុមលេខ២ Progreso ។
សូមបញ្ជាក់ថា ការប្រកាសបើកឲ្យមានកម្មវិធីប្រកួតបាល់លីកកំពូលអ៊ុយរ៉ាហ្គាយនេះធ្វើឡើងបន្ទាប់ពីមានការប្រជុំរវាងតំណាង AUF និងមន្ត្រីរដ្ឋាភិបាលដែលពិធីសារសុខភាពនិងសុវត្ថិភាពត្រូវបានអនុម័ត។ លីកកំពូលរបស់អ៊ុយរ៉ាហ្គាយត្រូវបានបញ្ឈប់កាលពីថ្ងៃទី១៣ ខែមីនា គឺរយៈពេល២ថ្ងៃបន្ទាប់ពីអង្គការសុខភាពពិភពលោកប្រកាសពីហានិភ័យនៃការរីករាយដាលជំងឺរាតត្បាតកូវីដ-១៩ ៕
ដោយ៖ ភារៈ