ប្រធានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតពង្រឹងយន្តការ នៃការបោះឆ្នោតនៅមូលឱ្យកាន់តែមានប្រសិទ្ធភាព

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានលើកទឹកចិត្តឱ្យមន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតថ្នាក់ខេត្តស្វែងយល់ពីចំណុចសំខាន់ថ្មីៗ ដែលត្រូវបានកែប្រែហើយប្រតិបត្តិឱ្យបានល្អប្រសើរតាមនីតិវិធីដែល(គ.ជ.ប)បានកំណត់។

នេះជាប្រសាសន៍របស់លោកស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងឱកាសសំណេះសំណាលនិងផ្តល់ប្រឹក្សាបែបថ្មី ក្នុងអាណត្តិថ្មីដល់មន្ត្រីថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយការងារបោះឆ្នោតនៅលេខាធិការដ្ឋានបោះឆ្នោតខេត្តស្ទឹងត្រែងថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២០កន្លងមកនេះ។

លោកស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានប្រសាសន៍ថា នៅអាណត្តិបោះឆ្នោតថ្មី នាឆ្នាំខាងមុខនេះ(គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត) បានធ្វើការកែប្រែកិច្ចការមួយចំនួនដើម្បីឱ្យការអនុវត្តមានភាពលឿន ច្បាស់លាស់ហើយងាយទទួលយកបានទាំងបរិមាណនិងគុណភាពនៃការងារ ។ 

លោកបានបន្តថា៖ យើងទាំងអស់គ្នានឹងធ្វើកិច្ចការងារមួយចំនួនតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបញ្ជូន និងទទួលបានឆាប់រហ័ស  ក្នុងន័យពង្រឹងកោសិការនៃការបោះឆ្នោតនៅមូលដ្ឋានឲ្យកាន់តែប្រសើរឡើងថែមទៀត។  

លោកបញ្ជាក់ថា មន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតត្រូវបង្កើនកិច្ចសហការធ្វើការងារឱ្យមានតម្លាភាពជាមួយគ្រប់ភាគីដែលពាក់ព័ន្ធទៅនឹងការបោះឆ្នោត មានដូចជា៖ អ្នកបោះឆ្នោត, គណបក្សនយោបាយ និងបេក្ខជន រដ្ឋសភា, អាជ្ញាធរដែនដី, អង្គភាពដោះស្រាយវិវាទការបោះឆ្នោត, អង្គការសង្គមស៊ីវិល, ស្ថាប័នតុលាការ, ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន , សហគមន៍ផ្តល់ជំនួយនិងភា្នក់ងារជំនួយអន្តរជាតិ,  អ្នកត្រួតពិនិត្យការបោះឆ្នោត,  អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ និងមន្ត្រីរៀបចំការបោះឆ្នោត។  

 លោកហង់ កុង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែងបានប្តេជ្ញាអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមនីតិវិធី ដែល(គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត)បានណែនាំ ដើម្បីធ្វើឱ្យសង្គមជាតិយើងមានសុខសន្តិភាព មានអ្នកដឹកនាំប្រទេសត្រឹមត្រូវ  នាំទៅរកភាពរីកចម្រើនជឿនលឿន។ 

 សូមបញ្ជាក់ថា៖ ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងការងាររបស់មន្ត្រីដែលធ្លាប់មានបទពិសោធន៍ និងមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដែលត្រូវបានជ្រើសរើសរួចហើយ ដើម្បីបំពេញភារកិច្ចក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត  ដែលនឹងចាប់ផ្តើមពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ៕

...

ដោយ៖មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print