ខេត្តកំពង់ស្ពឺ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល ចំណែកភាគីម្ខាងទៀតបានរត់គេចខ្លួនបាត់បន្សល់តែវត្ថុតាងនៅនឹងកន្លែងកើតហេតុ។គ្រោះថ្នាក់នេះអាចចាត់ទុកថាជាសំណាងណាស់ទៅហើយដែលរថយន្តទាំងពីរគ្រឿងបុកគ្នាទល់មុខឡើងពេញទំហឹងតែគ្រាន់តែបណ្ដាលឱ្យមនុស្សរបួសប៉ុណ្ណោះ មិនប៉ះពាល់ដល់អាយុជីវិត។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង
លេីផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ នាវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកក្កដា វេលា ម៉ោង០១:៥០នាទីស្តិតនៅភូមិព្រៃស្លឹក សង្កាត់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា បង្កឡេីងដោយរថយន្ដ២គ្រឿងដែលបើកបញ្ច្រាសទិសគ្នា ។ប្រភពបន្តថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Q -2634 ចំណែកអ្នកបេីកបររថយន្តកុងតឺន័រ ពណ៍សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ3A 3137 មានសណ្តោងរឺុម៉កពាក់ស្លាកលេខ តាកែវ4A 0029 ( មិនស្គាល់អត្ដសញ្ញាណ )។
ភាគីអ្នកបើកបររថយន្តទួរីសមានឈ្មោះ មួន ទីណូ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេះ ស្រុកជុំគីរី ខេត្តកំពត(របួសធ្ងន់)។ក្រៅពីនេះមានឈ្មោះ គន្ធា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (របួសធ្ងន់), ឈ្មោះគឺ សាមឌី
ភេទប្រុស អាយុ៩ឆ្នាំ រស់នៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ(របួសស្រាល)។មុនកើតហេតុ រថយន្តទួរីសបើកពីទិសខាងកើតទៅទិសខាងលិច រីឯភាគីរថយន្តកុងតឺន័របើកពីទិសខាងលិចទៅទិសខាងកើតបញ្រ្ចាសគ្នា។
ក្រោយធ្វើការវាស់វែងហើយសមត្ថកិច្ច នគរបាលចរាចរណ៍បានបញ្ជូនមធ្យោបាយបង្កយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ សេនាស័ក្តិ