ប្រធានាធិបតីអុីរ៉ង់ លោក Hassan Rouhani នៅថ្ងៃទី១៨ ខែកក្កដាបានប្រកាសបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបញ្ជាក់ថា មានពលរដ្ឋដល់ទៅ២៥លាននាក់ ឆ្លងកូវីដ១៩ ហើយនិងមានពលរដ្ឋប្រមាណ៣០-៣៥លានានក់ ប្រឈមការឆ្លងវីរុសនេះ។
ប្រធានាធិបតីអុីរ៉ង់ លោក Hassan Rouhani បានលើកឡើងថា តួលេខខាងលើគឺ យោងទៅតាមរបាយការរបស់ក្រសួងសុខាភិបាល អុីរ៉ង់។ សារព័ត៌មានរ៉យទ័របានផ្សាយថា តួលេខខាងលើគឺខ្ពស់ជាងច្រើន បើប្រៀបធៀបតួលេខ 269.440 នាក់ដែលបានប្រកាសនាពេលកន្លងមក។
អុីរ៉ង់មានពលរដ្ឋជាង ៨០លាននាក់ ហើយជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារកូវីដ១៩ នៅក្នុងតំបន់មជ្ឈិមបូព៌ា ។ ប្រធានាធិបតី Hassan Rouhani បានបញ្ជាក់ទៀតថា វីរុសកូវីដ១៩បានសម្លាប់មនុស្ស១៤ពាន់នាក់ និងបង្ខំឲ្យពលរដ្ឋដល់ទៅ២សែននាក់ត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
ក្រោយអនុវត្តច្បាប់គម្លាតសង្គម ជាច្រើនសប្តាហ៍ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ តាំងពីថ្ងៃទី១១ខែមេសា ឆ្នាំ២០២០មក ពេលនេះអុីរ៉ង់បានអនុញ្ញាតឲ្យពលរដ្ឋវិលត្រឡប់មកធ្វើការវិញហើយ។ ជាមួយគ្នានេះបណ្តាព្រះវិហារក៏អនុញ្ញាតឲ្យបើកទ្វាវិញផងដែរ។ ប៉ុន្តែចាប់តាំងពីលុបច្បាប់ គម្លាតសង្គមនិងដំណើរការសេដ្ឋកិច្ចឡើងវិញ នោះ ចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសអុីរ៉ង់បន្តកើនឡើងខ្ពស់ជាថ្មីក្រុមអ្នកជំនាញសុខាភិបាលអុីរ៉ង់បញ្ជាក់ថា ប្រព័ន្ធសុខាភិបាលអុីរ៉ង់មិនអាចទប់ទល់ស្ថានភាពនៃការឆ្លងបានឡើយ ប្រសិនបើ ពលរដ្ឋ និងមន្ត្រីក្នុងតំបន់ នៅតែប្រងើយចំពោះ យុទ្ធសាស្ត្រប្រឆាំងកូវីដ១៩របស់ក្រសួងនោះ៕ដោយ៖ធីរីណា