បរទេស៖ ឪពុកម្តាយគ្រប់រូបតែងតែបញ្ចេញនូវស្នាមញញឹមរបស់ខ្លួននូវពេលដែលកូនបង្ហាញកិច្ចការសាលា ដែលធ្វើបានពិន្ទុ ១០ !វាពិតជាអស្ចារ្យណាស់ តើមែនទេ? អញ្ចឹងតើអ្នកចង់ញញឹមបែបនេះ ពេលកូនចូលរៀនដែរឬទេ? ហើយតើត្រូវធ្វើម៉េចទៅ ទើបអាចឲ្យកូនឆ្លាតវៃបាន?
ជាការពិត ឪពុកម្តាយគ្រប់រូប ប្រាថ្នាចង់បានកូន ដែលមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ ហើយមានសម្រស់ស្រស់ស្អាត។ ពួកគេខិតខំធ្វើរឿងគ្រប់បែបយ៉ាង ដើម្បីអនាគតកូន ចាប់តាំងពីមិនទាន់ពពោះ រហូតដល់កើត ហើយចម្រើនវ័យតទៅមុខទៀត។
ការអប់រំកូនបានល្អ ការរាំកំសាន្ត ការហាត់ប្រាណ និងតន្ត្រី អាចបណ្តុះជំនាញ និងភាពឆ្លាតវៃរបស់គេបាន ប៉ុន្តែ តើអ្នកដឹងទេថា អ្នកអាចជួយឲ្យគេឆ្លាត តាំងពីនៅក្នុងផ្ទៃមកម្លេះ ពីព្រោះ ខួរក្បាលរបស់គេ ចាប់ផ្តើមលូតលាស់ ពេលនៅក្នុងពោះម្តាយ។
ការញាំចំណីអាហារ ដែលមានជីវជាតិ និងវីតាមីនគ្រប់គ្រាន់ ពិតជាអាចបង្កើនសមត្ថភាព និងភាពឆ្លាតវៃរបស់គេបាន ជាពិសេស អំឡុងពេលមានផ្ទៃពោះ។
ការសិក្សាបានបង្ហាញថា ការញាំបន្លែ និងផ្លែឈើឲ្យបានច្រើន អាចជួយដល់ខួរក្បាលរបស់កូនក្នុងផ្ទៃ ដូច្នេះ អ្នកគួរតែញាំបន្លែ និងផ្លែឈើ យ៉ាងហោចណាស់ ៦មុខរាល់ថ្ងៃ ដើម្បីកូនឆ្លាត និងមានកម្រិតបញ្ញា (IQ)ខ្ពស់ផងដែរ។
ការហាត់ប្រាណ និងកត្តាផ្លូវចិត្ត ក៏មានទំនាក់ទំនង នឹងភាពឆ្លាតវៃនេះផងដែរ។ ដូច្នេះ ចូរធ្វើយ៉ាងណា កុំឲ្យមានស្ត្រេស ពេលអ្នកកំពុងពពោះ៕
ដោយ៖ ស សម