អន្តរជាតិ៖ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសៅរ៍ទី ១៨ ខែកក្កដា ឆ្នាំ២០២០ថា មានក្រុមបាតុករថៃប្រមាណ២៥០០នាក់ បាននាំគ្នាចេញតវ៉ាតាមដងផ្លូវ ក្នុទីក្រុងបាងកក ដោយទាមទារឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា លាលែងពីតំណែង និងរំលាយសភាចោល។ ដោយការតវ៉ានេះ ត្រូវបានគេសង្ស័យថាព្រោះតែទំនាស់ផ្ទៃក្នុង សមាជិកគណៈរដ្ឋមន្ត្រីថៃមួយចំនួនដែលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច បានលាលែងពីតំណែង កាលពីក្នុងសប្តាហ៍នេះ ដែលធ្វើឲ្យបញ្ហាសេដ្ឋកិច្ចដោយបង្កឡើងដោយCOVID-19 កាន់តែពិបាកគ្រប់គ្រង ។
ទីភ្នាក់ងារព័ត៌មាន Reuters និយាយទៀតថា ក្រុមបាតុកម្មបានចាប់ផ្ដើមដោយសិស្សមួយក្រុម តែអំឡុងពេលល្ងាចថ្ងៃដដែល ដោយមានមនុស្សរាប់រយនាក់ទៀតបានចូលរួម ដែលបង្កើនតួលេខរហូតដល់ ២៥០០នាក់។ នេះបើតាមការប៉ាន់ស្មានរបស់អ្នករៀបចំ ហើយប៉ាន់ស្មានដោយអ្នកព័ត៌មាននៅកន្លែងកើតហេតុ។ ហើយការតវ៉ានេះ បានបំបែកនៅពាក់កណ្ដាលយប់ តែក្រុមអ្នករៀបចំបាតុកម្ម បានអះអាងថា ពួកគេនឹងវិលត្រលប់មកតវ៉ាតាមដងផ្លូវទៀតក្នុងពេល២សប្តាហ៍ ប្រសិនបើការទាមទារពួកគេមិនសម្រេចជោគជ័យទេនោះ។
សូមជម្រាបថា ក្រុមបាតុករថៃ បានប្រមូលផ្ដុំគ្នានៅក្បែរវិមានប្រជាធិបតេយ្យក្នុងទីក្រុង បាងកក ដោយតវ៉ាប្រឆាំងរដ្ឋាភិបាលស៊ីវិលអាយុ១ឆ្នាំរបស់លោក ប្រាយុទ្ធ ចន្ទអូចា ដែលជាអតីតមេរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់កាលពី៦ឆ្នាំមុន គឺនៅឆ្នាំ២០១៤មកម្ល៉េះ ។ ហើយការធ្វើបាតុកម្មនេះអំឡុងពេលវិបត្តិ COVID-19 ត្រូវបានចាត់ទុកជាការតវ៉ាតាមដងផ្លូវធំបំផុតមួយផងដែរ ។
ដោយឡែកអ្នករៀបចំបាតុកម្មនេះ បានដាក់ចេញការទាមទារចំនួន៣ រួមមាន៖ រំលោយសភាចោល បញ្ចប់ការបៀតបៀនលើអ្នករិះគន់រដ្ឋាភិបាល និងធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញដែលរៀបរៀងដោយយោធា ដែលគេជឿថាជួយឲ្យបក្សលោកប្រាយុទ្ធឈ្នះការបោះឆ្នោតកាលពីឆ្នាំមុន។ នេះ សំដៅលើនីតិវិធីតែងតាំងសមាជិកព្រឹទ្ធសភាថៃ។ ប៉ុន្តែយ៉ាងណាមិញ ក្រុមប៉ូលីសថៃ នៅឈរប្រចាំការនៅទីនោះ តែសម្រេចមិនធ្វើសកម្មភាពអ្វី ដើម្បីបញ្ឈប់បាតុកម្មនេះឡើយ។
គួរបញ្ជាក់ដែរថា មែនទែនទៅ រដ្ឋាភិបាលលោកប្រាយុទ្ធ រងការរិះគន់ខ្លាំងឡើងៗពីសំណាក់សាធារណជនថៃ ក្នុងពេលរយៈពេលប៉ុន្មានខែចុងក្រោយ។ ចាប់តាំងពីប្ដូរពីរដ្ឋាភិបាលសឹកទៅស៊ីវិលរួច តុលាការក្រុងបាងកក បានរំលាយបក្សប្រឆាំងធំទី២ ដែលផ្ដល់អំណាចឲ្យបក្សលោកប្រាយុទ្ធកាន់តែខ្លាំងក្នុងសភា៕ ដោយ៖ស តារា