អន្តរជាតិ៖ ដោយសារជំងឺ COVID-19 បានសម្លាប់អតីតរដ្ឋមន្ត្រីទូរគមនាគមន៍អាល់ហ្សេរី លោក Moussa Benhamadi ខណៈដែលបានជាប់ឃុំគាំងក្នុងសំណុំរឿងពុករលួយ ។ ដោយលោក Benhamadi អាយុ ៦៧ឆ្នាំ បានឆ្លងជំងឺ COVID-19 កាលពីដើមខែកក្កដា ហើយបានស្លាប់នៅថ្ងៃទី១៧ ខែកក្កដា។ នេះបើតាមសម្ដីរបស់សាច់ញាតិលោក ដែលត្រូវជាបងប្រុសបង្កើតឈ្មោះថា Abdelmalek Benhamadi បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែកក្កដាម្សិលមិញនេះ ។
ទីភ្នាក់ងារសារព័ត៌មាន AFP បានបញ្ជាក់ថា លោកBenhamadi បានឆ្លងជំងឺនេះក្នុងពន្ធនាគារ ហើយត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យមួយកន្លែងក្នុងរដ្ឋធានីអាល់ហ្សេទី កន្លែងដែលលោកស្លាប់។
បើតាមសម្តីបងប្អូនរបស់លោកម្នាក់ទៀត ឈ្មោះថា Hocine Benhamadi បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា លោកអតីតរដ្ឋមន្ត្រី បានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី៤ ខែកក្កដាថ្មីៗនេះ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបានតែ៩ថ្ងៃប៉ុណ្ណោះ ក៏ស្លាប់តែម្តង ។
គួរបញ្ជាក់ថា លោក Moussa Benhamadi បានជាប់ឃុំឃាំងរង់ចាំការកាត់ទោសនៅពន្ធនាគារ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ មកម្ល៉េះ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតពាក់ព័ន្ធអំពើពុករលួយរឿងក្រុមហ៊ុនបច្ចេកវិទ្យាអាល់ហ្សេរីមួយ។
បច្ចុប្បន្នប្រទេស អាល់ហ្សេរី ដែលស្ថិតក្នុងតំបន់អាហ្វ្រិកភាគខាងជើង បើគិតត្រឹមពេលនេះ បានរាយការណ៍ថា ករណីឆ្លងសរុប ២២ ០០០ករណី ហើយក្នុងនោះមានអ្នកស្លាប់ដោយសារ COVID-19 ជាង១០០០នាក់៕ ដោយ៖ស តារា