អតីតរដ្ឋមន្ត្រី​ទូរគមនាគមន៍​អាល់​ហ្សេ​រី ដែលជាប់ពន្ធនាគារពាក់ព័ន្ធរឿងពុករលួយ បានស្លាប់ហើយ​ដោយសារ​ជំងឺ COVID-19

ចែករំលែក៖

អន្តរជាតិ៖ ដោយសារ​ជំងឺ COVID-19 បានសម្លាប់អតីតរដ្ឋមន្ត្រី​ទូរគមនាគមន៍​អាល់​ហ្សេ​រី លោក Moussa Benhamadi ខណៈដែល​បាន​ជាប់ឃុំ​គាំង​ក្នុង​សំណុំរឿង​ពុករលួយ ។ ដោយលោក Benhamadi អាយុ ៦៧​ឆ្នាំ បាន​ឆ្លងជំងឺ COVID-19 កាលពីដើម​ខែកក្កដា ហើយ​បាន​ស្លាប់​នៅ​ថ្ងៃទី​១៧ ខែកក្កដា​។ នេះ​បើតាម​សម្ដី​របស់​សាច់ញាតិ​លោក ដែលត្រូវជាបងប្រុស​បង្កើតឈ្មោះថា Abdelmalek Benhamadi បាន​ប្រាប់​សារព័ត៌មាន AFP នៅ​ថ្ងៃទី​១៨ ខែកក្កដា​ម្សិលមិញនេះ ។

ទីភ្នាក់ងារ​សារព័ត៌មាន AFP បានបញ្ជាក់ថា លោក​Benhamadi បាន​ឆ្លង​ជំងឺ​នេះ​ក្នុង​ពន្ធនាគារ ហើយ​ត្រូវបាន​ផ្ទេរ​ទៅកាន់​មន្ទីរពេទ្យ​មួយកន្លែង​ក្នុង​រដ្ឋធានី​អាល់​ហ្សេ​ទី កន្លែង​ដែល​លោក​ស្លាប់​។

បើតាមសម្តី​បងប្អូន​របស់លោក​ម្នាក់ទៀត ឈ្មោះថា Hocine Benhamadi បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា លោក​អតីតរដ្ឋមន្ត្រី​ បាន​ធ្លាក់ខ្លួន​ឈឺ​កាលពី​ថ្ងៃទី​៤ ខែកក្កដាថ្មីៗនេះ ហើយត្រូវបានបញ្ជូនទៅ​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​បានតែ​៩​ថ្ងៃ​ប៉ុណ្ណោះ​ ក៏ស្លាប់តែម្តង ។

គួរបញ្ជាក់ថា លោក Moussa Benhamadi បាន​ជាប់​ឃុំឃាំង​រង់ចាំ​ការកាត់ទោស​នៅ​ពន្ធនាគារ ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៩ មកម្ល៉េះ ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ពាក់ព័ន្ធ​អំពើពុករលួយ​រឿង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាល់​ហ្សេ​រី​មួយ​។

​បច្ចុប្បន្នប្រទេស អាល់​ហ្សេ​រី ដែល​ស្ថិតក្នុង​តំបន់​អាហ្វ្រិក​ភាគ​ខាងជើង បើគិតត្រឹមពេលនេះ បាន​រាយការណ៍​ថា ករណី​ឆ្លង​សរុប ២២ ០០០​ករណី ហើយ​ក្នុងនោះ​មាន​អ្នកស្លាប់​ដោយសារ COVID-19 ជាង​១០០០​នាក់​៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print