អន្តរជាតិ៖ រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ដោយអបអរសាទរ និងជោគជ័យខណៈដែលប្រទេសខ្លួន បានក្លាយជាប្រទេសតំបន់អារ៉ាប់ទីមួយដែលបានបាញ់បង្ហោះយានអវកាសពីភពមួយទៅកាន់ភពមួយទៀត បន្ទាប់ពីទទួលជោគជ័យក្នុងការបាញ់យានអាវកាសមួយគ្រឿងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ ។
រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម បានសរសេរនៅលើ Twitterថា ការបាញ់នេះជាសារនៃមោទកភាព សង្ឃឹម និងសន្តិភាពសម្រាប់ពិភពអារ៉ាប់និងជាការបញ្ចេញឡើងវិញយុគមាសរបស់អារ៉ាប់និងរបកគំហើញឥស្លាម។ យានអាវកាសនេះ ត្រូវបានដាក់ឈ្មោះថា ក្ដីសង្ឃឹម នឹងធ្វើដំណើរពីភពផែនដីសំដៅភពអង្គារ ហើយរំពឹងថា នឹងទៅដល់នៅដើមឆ្នាំ២០២១ ខាងមុខ ។
ការអបអរសាទរយ៉ាងលាន់រំពង ត្រូវបានឮនៅឯមជ្ឈមណ្ឌលទីលំហMohammed Bin Rashid របស់អេមីរ៉ាតអារ៉ាប់រួមដែលជាកន្លែងត្រួតពិនិត្យ និងបញ្ជាយានគ្មានមនុស្សបើកមួយនេះ។ ហើយយានក្ដីសង្ឃឹម ត្រូវបានបាញ់ចេញពីស្ថានីយ៍អវកាសតាណេហ្កាស៊ីម៉ារបស់ជប៉ុននៅម៉ោង៦ និង៥៨នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា។ ការបាញ់បង្ហោះយាននេះ ត្រូវបានពន្យារពេលម្ដងហើយ ដោយសារអាកាសធាតុមិនអំណោយផល។
ដោយឡែក អនុប្រធានគម្រោងបេសកកម្មទៅភពអង្គារបស់អេមីរ៉ាតអារ៉ាប់រួម អ្នកស្រី Sarah al-Amiri ប្រាប់ទូរទស្សន៍ក្នុងស្រុកថា ព្រឹត្តិការណ៍នេះជាអារម្មណ៍មិនអាចរៀបរាប់បាន។ អ្នកស្រី Sarah ដែលជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកវិទ្យាសាស្ត្រជឿនលឿនផងនោះ បន្តថា៖ «នេះជាអនាគតរបស់អេមីរ៉ាតអារ៉ាប់រួម។ ក្ដីសង្ឃឹម ជាមោទកភាពរបស់អេមីរ៉ាតអារ៉ាប់រួម ដែលទើបបង្ហាញមុខនៅលើពិភពលំហ» ។
គួរបញ្ជាក់ថា នេះជាយានអវកាសដំបូងដែលជាកម្មសិទ្ធិរបស់អារ៉ាប់ យានក្ដីសង្ឃឹម រំពឹងថា នឹងទៅដល់គន្លងគោចររបស់ភពអង្គារនៅកុម្ភៈ ឆ្នាំ២០២១ ដែលចំខួបទី៥០នៃការបង្រួបបង្រួមអេមីរ៉ាតអារ៉ាប់រួម។ គោលបំណងសំខាន់របស់យាននេះ គឺដើម្បីផ្ដល់រូបភាពការវិវត្តអាកាសធាតុរបស់បរិយាកាសភពអង្គារសម្រាប់បម្រើឲ្យការស្រាវជ្រាវវិទ្យាសាស្ត្រ តែអេមីរ៉ាតអារ៉ាប់រួមចង់ឲ្យគម្រោងមួយនេះ ក្លាយជាប្រភពនៃការជំរុញចិត្តយុវជនអារ៉ាប់ផងដែរ។
សូមជ្រាបថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម ជាប្រទេសអ្នកមានមួយនៅតំបន់មជ្ឈិមបូព៌ា ដោយមានរដ្ឋចំណុះចំនួន៧ ហើយមានការគ្រប់គ្រងបែបសហព័ន្ធ។ ទីក្រុងឌូបៃ ជាទីតាំងទេសចរណ៍សំខាន់មួយរបស់ប្រទេសមួយនេះ៕ដោយ៖ស តារា