ភ្នំពេញ ៖ បុរសម្នាក់ក្រោយពេលកោសខ្យល់រួចពីពេលល្ងាច ស្រាប់តែព្រឹកឡើងម៉ោង៧ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានអ្នកជិតខាងប្រទះឃេីញដេកស្លាប់នៅក្នុងបន្ទប់ជួលជាន់ទី១ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ពៅ ពុត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ជនរងគ្រោះមានអាការមិនស្រួលខ្លួនបានហៅអ្នកជិតខាងឲ្យជួយកោសខ្យល់ឲ្យ រួចក៏ចូលដេកជាធម្មតាដូចសព្វដង។ លុះព្រឹកឡើងដោយមិនឃើញជនរងគ្រោះទៅធ្វើការអ្នកជិតខាងបានទៅបង្ហើបទ្វារមើលក៏ឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់បាត់ទៅហើយ ក៏ស្រែកហៅឱ្យអ្នកជិតខាងមកជួយមើលបង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង រួចក៏ប្រញាប់រាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យនៅកន្លែងកើតហេតុ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យដើម្បីចុះមកពិនិត្យសាកសព ។ បន្ទាប់ពីសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានធ្វើពិនិត្យយ៉ាងល្អិតល្អន់មក ទេីបបញ្ជាក់ប្រាប់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងប្រាកដមែន។ ក្រោយមកក៏ធ្វើកំណត់ហេតុប្រគល់សាកសពទៅឱ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
ដោយ៖ ភារ៉ា ដង្កោ