ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសបានស្លាប់នៅក្បែជណ្ដើរផ្ទះ និង ចំណែកភាគីម្ខាងទៀតបានរងរបួសធ្ងន់ កំពុងសម្រាកព្យាលនៅមន្ទីរពេទ្យ ។ រីឯជនសង្ស័យដៃដល់ជាជនទី៣ បានរត់គេចខ្លួនបាត់ ក្នុងករណីហឹង្សាដោយចេតនា(វាយសម្លាប់មនុស្ស) បន្ទាប់ទំនាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកសុីរវាងឪពុកជនដៃដល់និងជនរងគ្រោះ ឈ្លោះគ្នារឿងដណ្ដើមក្បាលម៉េក្រូច្រៀង ។
ហេតុការណ៍ឃាតកម្មខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ទី ណាក់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិអូរហេងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
បើយោងតាមប្រភពព័ត៌មាន ពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ បានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ស៊ុន រីម ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅទល់មុខផ្ទះកើតហេតុ ស្ថិតនៅភូមិ.ឃុំកើតហេតុ បានរងរបួសសុះលើផ្ទៃមុខ និងខ្ទេចក្បាលចេញខួ ។ចំណែកគូរទំនាស់ក៏បានរងរបួសបាក់ដៃ(ខាងស្ដាំ)មានឈ្មោះ នឿង ធូ ហៅតាបាក់ដៃ ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ និងជនសង្ស័យដៃដល់ជាជនទី៣មានឈ្មោះ ធូ ធុន ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវជាកូនបង្កើតរបស់(ឈ្មោះនឿង ធូ) បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុជាមួយគ្នា ។
មន្រ្តីកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ បន្តថា ករណីឃាតកម្មខាងលើនេះ មុនដំបូងគេឃើញមានកម្មវិធីផឹកស៊ីតូចមួយ នៅផ្ទះរបស់(ទី ណាក់) ដោយមានផឹកស៉ី និងដាក់ធុងបាស់តូចមួយច្រៀងផងដែរ ក្នុងនោះគ្នាចំនួន ៣នាក់៖ ទី១ ឈ្មោះ ទី ណាក់ (ម្ចាស់ផ្ទះ ), ទី២ ឈ្មោះ ជឿន នៅភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ,និងទី៣ ឈ្មោះ ធូ ធុន (ជនសង្ស័យគេចខ្លួន) ។ ខណៈដែលភាគីម្ខាងឈ្មោះនឿង ធូ ហៅតាបាក់ដៃ ស្រវឹងស្រាមកពីក្រៅហើយបានចូលផឹកនៅកន្លែងកើតហេតុ ភ្លាមនោះជនរងគ្រោះស្លាប់ឈ្មោះស៊ុន រីមក៏បានចូលមកផឹកដែរ គ្រានោះពួកគាត់ក៏បានដាក់បទចម្រៀង តែពេលនោះស្រាប់តែដល់បទកុម៉ង់របស់តា(នឿង ធូ) ដល់វេនត្រូវច្រៀងប៉ុន្តែត្រូវបានជនរងគ្រោះឈ្មោះ ស៊ុន រីម(សព) ច្រៀងបានមុន ក៏ទំនាស់ពាក្យសម្ដីគ្នាតែម្ដង ។
ប្រភពដដែរបន្តថា បន្ទាប់ពីអ្នកទាំងពីរនាក់ពុំសូវមើលមុខគ្នាទើបម្ចាស់ផ្ទះឈ្មោះទី ណាក់ ឃើញស្ថានភាពបែបនេះ ក៏បានឲ្យឈ្មោះ ធូ ធុនត្រូវជាកូនបង្កើត(ជនសង្ស័យ)ជូនឪពុកទៅផ្ទះសិន ហើយជនសង្ស័យឈ្មោះធូ ធុន មកផឹកបន្ត ។ ក្រោយមកជនរងគ្រោះជាសព បានដើរឆ្លងផ្លូវទៅផ្ទះរបស់ខ្លួនដែរ ប៉ុន្តែភ្លាមនោះចៃដន្យឈ្មោះនឿង ធូ ក៏ស្ទាក់វាយនៅក្បែជណ្ដើរផ្ទះ ប៉ុន្តែទំនងវាយចាញ់ជនរងគ្រោះឈ្មោះ ស៊ុនរីម(ស្លាប់) ក៏ស្រែកឲ្យកូនជួយដោយស្រែកថា “ជួយអាញ់ផង អារីមវាយអាញ់បាក់ដៃហើយ” ។ បន្ទាប់មកកូនបង្កើតឈ្មោះធូ ធុន ជាជនសង្ស័យ បានលឺសម្លេងឪពុកស្រែកឲ្យជួយក៏រត់ទៅ ហើយទំនងជាយកគល់ឈើវាយទៅលើជនរងគ្រោះដោយលឺសម្លេងភីសភូសៗប៉ុន្តែដោយសារមើលពុំឃើញអ្វីទេព្រោះងងឹរពេក ក៏នាំគ្នាឆោឡោឡើងហើយទៅមើលឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ។ ចំណែកភាគីម្ខាងឈ្មោះនឿង ធូ រងរបួសបាក់ដៃក៏ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យទាំងយប់ ។
ក្រោយកើតហេតុជនដៃដល់ឈ្មោះ ធូ ធុន ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវជាកូនបង្កើតរបស់(ឈ្មោះនឿង ធូ) បានរត់គេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្វែងរកចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕ ដោយ៖ បុឹម ពិន