អន្តរជាតិ៖ នៅយប់ថ្ងៃទី២៣ ខែកក្កដាម្សិលមិញនេះ ក្រុមយុវជននិស្សិតប្រទេសថៃ រាប់រយនាក់បានប្រមូលផ្ដុំគ្នានៅជាយក្រុងបាងកក ដើម្បីនាំគ្នាធ្វើតវ៉ាទាមទារឲ្យរដ្ឋាភិបាលថៃ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា លាលែង និងរំលាយសភាចោល។ ការធ្វើបាតុកម្មបែបនេះ បើទោះជារងការព្រមានពីអាជ្ញាធរថា ការធ្វើបាតុកម្មនេះខុសច្បាប់ព្រោះល្មើសបម្រាម COVID-19 ក្ដី គេមិនឃើញមានវត្តមានប៉ូលីសនៅក្បែរនោះឡើយ។ មិនតែប៉ុណ្ណោះបណ្ដាញនិស្សិតថៃមួយក្រុម ហៅខ្លួនឯង «យុវជនសេរី (Free Youth)» ។
ក្នុងបាតុកម្មនេះ ក្រុមយុវជនថៃ បានធ្វើសកម្មភាពខុសៗគ្នា ដើម្បីតំណាងឲ្យការមិនពេញចិត្តចំពោះរដ្ឋាភិបាល។ អ្នកខ្លះ លើក Ipad ដែលមានសរសេរសាររិះគន់ ឬការទាមទារខ្លួនឡើងលើ ហើយអ្នកខ្លះ លើកទូរសព្ទបើកពិលគ្រវីទៅមក។ ចំណែក អ្នកខ្លះ លើកម្រាមដៃ៣ឡើងលើ ដែលជាសញ្ញានៃការធ្វើបាតុកម្ម។
និស្សិតម្នាក់ក្នុងចំណោមបាតុករ ឈ្មោះ Thanachai Aurlucha អាយុ ២៥ ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «យើងមកទីនេះដើម្បីទាមទារឲ្យបង្កើតរដ្ឋធម្មនុញ្ញថ្មី ព្រោះរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ពុំគាំទ្រសេរីភាពនិងសិទ្ធិរបស់យើងឡើយ។ វាបន្តមកពីការធ្វើរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤»។ ចំណែកនិស្សិតស្រីថៃម្នាក់ទៀត ឈ្មោះថា Fufu អាយុ ២២ ឆ្នាំ និយាយថា រដ្ឋាភិបាលទទួលបរាជ័យក្នុងការជំរុញសេដ្ឋកិច្ច។នាងបន្តថា៖«យើងជិតបញ្ចប់ការសិក្សាហើយ តែយើងអត់ដឹងថា យើងនឹងធ្វើការអ្វីដើម្បីចិញ្ចឹមជីវិតយើងឡើយ។ ប្រសិនបើខ្ញុំមិនចេញធ្វើបាតុកម្មថ្ងៃនេះទេ អនាគតខ្ញុំមិនដឹងនៅទីណានោះទេ»។
បាតុករម្នាក់ទៀត ហៅខ្លួនឯងថា Ron អាយុ ៣៩ឆ្នាំ បានអះអាងដូច្នេះថា៖«ខ្ញុំចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដក្នុងប្រទេសថៃ»។ បើតាម Reuters អ្នកទាំងពីរនេះ បដិសេធប្រើឈ្មោះពិតប្រាកដ។
បាតុកម្មបែបនេះ មិនកើតឡើងតែក្នុងទីក្រុង បាងកក ប៉ុណ្ណោះទេ ។ វាក៏បានផ្ទុះឡើងផងដែរក្នុងខេត្តថៃចំនួន៤ផ្សេងទៀត ដូចជា Ayutthaya, Khon Kaen, Sakon Nakhon និង Pattani ។ ទន្ទឹមនេះ ពួកគេក៏មានផែនការប្រមូលគ្នាទៅតវ៉ានៅបាងកកនាចុងសប្តាហ៍នេះទៀត។
បើតាមការពិត បាតុកម្មទាំងនេះ កើតឡើងក្រោយផ្ទុះបាតុកម្មមួយក្នុងទីក្រុង បាងកក កាលពីចុងសប្តាហ៍មុន ដោយមានមនុស្សចូលរួម ២៥០០នាក់ ហើយនេះគឺជាការចេញតវ៉ាតាមដងផ្លូវធំបំផុតមួយ ចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ២០១៤មក ដែលទម្លាក់រដ្ឋាភិបាលស្របច្បាប់ថៃ។
នៅបាតុកម្មនេះ ក្រុមអ្នកតវ៉ា ភាគច្រើនជា យុវជន បានទាមទារឲ្យរដ្ឋាភិបាលលោក ប្រាយុទ្ធ រំលាយសភាចោល និងបញ្ឈប់ការបៀតបៀនលើអ្នករិះគន់ ។ ចំណែក អ្នកខ្លះ លើកម្រាមដៃ៣ឡើងលើ ដែលជាសញ្ញានៃការធ្វើបាតុកម្ម (Reuters)
គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាល លោក ប្រាយុទ្ធ ចន្ទអូចា ត្រូវបានមើលឃើញ កំពុងរង្គោះរង្គើខ្លាំង ដ្បិតសមាជិកគណៈរដ្ឋមន្ត្រីលោកបានលាលែងពីតំណែងជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី២១ ខែកក្កដា រដ្ឋមន្ត្រីសរុប៦នាក់ហើយបានដើរចេញ។ ដោយការចាកចេញរបស់សមាជិករដ្ឋាភិបាលថៃនេះដែរ កើតឡើងស្របពេលដែលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ប្រឈមបញ្ហាសេដ្ឋកិច្ចដោយបង្កឡើងដោយសារជំងឺរាតត្បាតសកល COVID-19 ។
ដោយឡែកទាក់ទិនបញ្ហានេះដែរ ធនាគារកណ្ដាលប្រទេសថៃ ក៏បានអះអាងថា កំណើនសេដ្ឋកិច្ចថៃ អាចធ្លាក់ចុះ ៨,១ ភាគរយក្នុងឆ្នាំនេះ ៕ដោយ៖ស តារា