ក្រុមយុវជននិស្សិត​ថៃ៖ ​បន្តប្រមូលផ្ដុំ​គ្នា​នៅ​ជាយក្រុង​បាងកក ដើម្បី​តវ៉ា​ទាមទារឲ្យលោក ប្រា​យុទ្ធ ចន្ទ​អូ​ចា លាលែងដំណែង និង​រំលាយ​សភា​ចោល

ចែករំលែក៖

អន្តរជាតិ៖ នៅ​យប់​ថ្ងៃទី​២៣ ខែកក្កដាម្សិលមិញនេះ ក្រុមយុវជន​និស្សិតប្រទេសថៃ​ រាប់រយ​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ជាយក្រុង​បាងកក ដើម្បីនាំគ្នាធ្វើតវ៉ា​ទាមទារឲ្យ​រដ្ឋាភិបាលថៃ ដែល​ដឹកនាំ​ដោយលោក​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា លាលែង និង​រំលាយ​សភា​ចោល​។  ការធ្វើបាតុកម្ម​បែបនេះ បើទោះជា​រង​ការព្រមាន​ពី​អាជ្ញាធរ​ថា ការធ្វើ​បាតុកម្ម​នេះ​ខុសច្បាប់​ព្រោះ​ល្មើស​បម្រាម COVID-19 ក្ដី គេ​មិនឃើញ​មាន​វត្តមាន​ប៉ូលីស​នៅក្បែរ​នោះឡើយ​។ មិនតែប៉ុណ្ណោះបណ្ដាញ​និស្សិត​ថៃ​មួយក្រុម ហៅ​ខ្លួនឯង «​យុវជន​សេរី (Free Youth)» ។

ក្នុង​បាតុកម្ម​នេះ ក្រុមយុវជន​ថៃ បានធ្វើ​សកម្ម​ភាពខុសៗ​គ្នា ដើម្បី​តំណាង​ឲ្យ​ការមិន​ពេញចិត្ត​ចំពោះ​រដ្ឋាភិបាល​។ អ្នកខ្លះ លើក Ipad ដែលមាន​សរសេរ​សារ​រិះគន់ ឬ​ការទាមទារ​ខ្លួន​ឡើងលើ ហើយ​អ្នកខ្លះ លើក​ទូរ​សព្ទ​បើក​ពិល​គ្រវី​ទៅមក​។ ចំណែក អ្នកខ្លះ លើក​ម្រាមដៃ​៣​ឡើងលើ ដែលជា​សញ្ញា​នៃ​ការធ្វើ​បាតុកម្ម​។​

និស្សិត​ម្នាក់ក្នុងចំណោម​បាតុករ​ ឈ្មោះ Thanachai Aurlucha អាយុ ២៥ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា៖ «​យើង​មក​ទីនេះ​ដើម្បី​ទាមទារ​ឲ្យ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី ព្រោះ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ពុំ​គាំទ្រ​សេរីភាព​និង​សិទ្ធិ​របស់​យើង​ឡើយ​។ វា​បន្ត​មកពី​ការធ្វើ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ​២០១៤»​។ ចំណែកនិស្សិត​ស្រី​ថៃ​ម្នាក់ទៀត ឈ្មោះថា Fufu អាយុ ២២ ឆ្នាំ និយាយថា រដ្ឋាភិបាល​ទទួល​បរា​ជ័យ​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​។នាង​បន្តថា​៖«​យើង​ជិត​បញ្ចប់​ការសិក្សា​ហើយ តែ​យើង​អត់​ដឹងថា យើង​នឹង​ធ្វើការ​អ្វី​ដើម្បី​ចិញ្ចឹមជីវិត​យើង​ឡើយ​។ ប្រសិនបើ​ខ្ញុំ​មិន​ចេញ​ធ្វើបាតុកម្ម​ថ្ងៃនេះ​ទេ អនាគត​ខ្ញុំ​មិនដឹង​នៅទីណា​នោះទេ​»​។

​បាតុករ​ម្នាក់ទៀត ហៅ​ខ្លួនឯង​ថា Ron អាយុ ៣៩​ឆ្នាំ បាន​អះអាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ក្នុងប្រទេស​ថៃ​»​។ បើតាម Reuters អ្នក​ទាំងពីរ​នេះ បដិសេធ​ប្រើ​ឈ្មោះ​ពិតប្រាកដ​។

​បាតុកម្ម​បែបនេះ មិនកើត​ឡើង​តែ​ក្នុង​ទីក្រុង បាងកក ប៉ុណ្ណោះ​ទេ ។ វា​ក៏បាន​ផ្ទុះឡើង​ផងដែរ​ក្នុង​ខេត្ត​ថៃ​ចំនួន​៤​ផ្សេងទៀត ដូចជា Ayutthaya, Khon Kaen, Sakon Nakhon និង Pattani ។ ទន្ទឹមនេះ ពួកគេ​ក៏មាន​ផែនការ​ប្រមូលគ្នា​ទៅ​តវ៉ា​នៅ​បាងកក​នា​ចុង​សប្តាហ៍​នេះ​ទៀត​។​

​បើតាមការពិត បាតុកម្ម​ទាំងនេះ កើតឡើង​ក្រោយ​ផ្ទុះ​បាតុកម្ម​មួយ​ក្នុង​ទីក្រុង បាងកក កាលពី​ចុង​សប្តាហ៍​មុន ដោយមាន​មនុស្ស​ចូលរួម ២៥០០នាក់ ហើយ​នេះ​គឺជា​ការចេញ​តវ៉ា​តាម​ដង​ផ្លូវធំ​បំផុត​មួយ ចាប់តាំងពី​មាន​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក ដែល​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​ថៃ​។

​នៅ​បាតុកម្ម​នេះ ក្រុមអ្នកតវ៉ា ភាគច្រើន​ជា យុវជន បានទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ប្រា​យុទ្ធ រំលាយ​សភា​ចោល និង​បញ្ឈប់​ការ​បៀតបៀន​លើ​អ្នក​រិះគន់ ។​ ចំណែក អ្នកខ្លះ លើកម្រាមដៃ៣ឡើងលើ ដែលជាសញ្ញានៃការធ្វើបាតុកម្ម (Reuters)

​គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាល លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ត្រូវបាន​មើលឃើញ កំពុង​រង្គោះរង្គើ​ខ្លាំង ដ្បិត​សមាជិក​គណៈរដ្ឋមន្ត្រី​លោក​បាន​លាលែង​ពី​តំណែង​ជា​បន្តបន្ទាប់​។ គិត​ត្រឹម​ថ្ងៃទី​២១ ខែកក្កដា រដ្ឋមន្ត្រី​សរុប​៦​នាក់​ហើយ​បាន​ដើរចេញ​។ ដោយការចាកចេញ​របស់​ស​មា​ជិ​ក​រដ្ឋាភិបាល​ថៃ​នេះដែរ កើតឡើង​ស្រប​ពេលដែល​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ដោយ​បង្កឡើង​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19 ។

ដោយឡែកទាក់ទិន​បញ្ហា​នេះដែរ ធនាគារកណ្ដាល​ប្រទេសថៃ ក៏បាន​អះអាងថា កំណើនសេដ្ឋកិច្ច​ថៃ អាច​ធ្លាក់ចុះ ៨,១ ភាគរយ​ក្នុងឆ្នាំនេះ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print