មន្ត្រីរដ្ឋាភិបាលបូឡាវី បានប្រកាសឲ្យដឹងថា ប្រទេសនេះបានសម្រេចពន្យារពេលបោះឆ្នោតជាលើកទីពីរដោយសារតែការឆ្លងរាលដាលកូវីដ១៩។ តាមគម្រោងការពន្យារពេលបោះឆ្នោតនេះគឺរហូតដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២០ ។
សារព័ត៌មានAFPបានផ្សាយថា ការបោះឆ្នោតនៅក្នុងប្រទេសបូឡាវី ពេលដំបូងឡើងគម្រោងរៀបចំធ្វើនៅខែឧសភា ប៉ុន្តែក្រោយមកបានពន្យារដល់ថ្ងៃទី៦ខែកញ្ញា ក្រោយប្រទេសនេះបានដាក់បម្រាមគោចរប្រឆាំងកូវីដ-១៩
ការសម្រេចពន្យារពេលបោះឆ្នោតជាលើកទីពីរនេះគឺក្រោយពេល ប្រធានាធិបតីបណ្តោះអាសន្នលោក Bolivia Jeanine Anez ធ្វើតេស្ត មានលទ្ធផលវិជ្ជមានកូវីដ-១៩។ ជាមួយគ្នានោះដែរក៏មានសមាជិកគណៈរដ្ឋមន្ត្រី៤រូបឆ្លងកូវីដ-១៩នោះដែរ។
ការពន្យារពេលលើកនេះ បន្ទាប់ពីក្រុមអ្នកឯកទេសបានព្រមានថា នឹងមានអ្នកឆ្លងកូវីដ-១៩នៅក្នុងប្រទេសបូឡាវីកើនឡើងខ្ពស់បំផុតនៅចុងខែសីហាឬដើមខែកញ្ញាឆ្នាំ២០២០។ ដូច្នេះហើយទើបប្រទេសនេះសម្រេចពន្យារពេលបោះឆ្នោតរហូតដល់ខែតុលា។
បូឡាវីជាប្រទេសមានពលរដ្ឋ ១១,៥លាននាក់ ហើយមានអ្នកឆ្លងកូវីដ-១៩ ជាង៦៤ពាន់នាក់ និងស្លាប់២.៣០០នាក់ផងដែរ៕