ភ្នំពេញ៖ ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារនិងអភិរក្សសត្វដំរីនៅកម្ពុជាគឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។ នេះគឺជាប្រសាសន៍លើកឡើងរបស់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីរាត្រីសម្បុរសធម៌ជួយដល់ការអភិរក្សដំរី ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។
ក្នុងពិធីនេះដែរ លោក សាយ សំអាល់ បានបញ្ជាក់ថាការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ គឺជាសមាសភាគដ៏សំខាន់ក្នុងចំណោមសមាសភាគនានានៃបេសកកម្មរបស់ក្រសួងបរិស្ថាន ដែលបាននិងកំពុងយកចិត្តទុកដាក់អនុវត្តប្រកបដោយលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការជាតិ ជាពិសេសយុទ្ធសាស្ត្រចតុកោណទាំង៣ដំណាក់កាលកន្លងទៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់នីតិកាលទី៦នេះ រាជរដ្ឋាភិបាល បានដាក់ ចេញ «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤» បន្តពីយុទ្ធសាស្ត្រចតុកោណ៣ដំណាក់កាលកន្លងទៅ ដោយផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងទៅលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះការអភិវឌ្ឍដោយចីរភាព និងការសម្របខ្លួនរបស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ បន្ថែមលើកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលផ្នែកសេដ្ឋកិច្ច-សង្គមជាច្រើនដែលសម្រេចបានក្នុងនីតិកាលមុនៗ។ ជាក់ស្តែង កញ្ចប់ថវិកាជាតិ ដែលត្រូវបានវិភាជន៍សម្រាប់ការចំណាយលើការងារប្រែប្រួលអាកាសធាតុ មានការកើនឡើងជាលំដាប់ ហើយការវិនិយោគរបស់រាជរដ្ឋាភិបាលក្នុងផ្នែកនេះបានកើនឡើងជាង៣ដង នៅក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ។
ទន្ទឹមជាមួយគ្នានេះ លោក សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិដំរីអៃរាវត្តា ដែលបានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង និង បង្ហាញការ លើកទឹកចិត្តដល់សមាគមមូលនិធិដំរីអៃរាវត្តា បន្តបំពេញបេសកកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរបន្ថែមទៀត ដោយសហការជិតស្និទ្ធជាមួយក្រសួងបរិស្ថាន និងក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ អនុលោមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យមានការចូលរួមគាំទ្រដល់មូលនិធិដំរីអៃរាវត្តា ហើយក្រសួងបរិស្ថាន និងបន្តជួយ និងគាំទ្របន្ថែមនាថ្ងៃខាងមុខដល់សមាគមដើម្បីកិច្ចការអភិរក្សសត្វដំរីនៅកម្ពុជា។
លោកស្រី ក្លេ ខៃចិន្តា ប្រធានសមាគមអភិរក្សដីរីអៃរាវត្តាបានឱ្យដឹងថាការរៀបចំកម្មវិធីរាត្រីសប្បុរសធម៌នេះឡើងដើម្បីស្វែងរកការគាំទ្រមូលនិធិសម្រាប់ការថែរក្សានិងអភិរក្សសត្វដំរីនៅកម្ពុជា។ ហើយកន្លងមក មានថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួង ស្ថាប័ន តំណាងអង្គការ សមាគម ក្រៅរដ្ឋភិបាល និងប្រជាពលរដ្ឋ មួយចំនួន បានចូលរួមជួយឧបត្ថម្ភបន្តបន្ទាប់ដល់សមាគមអ្នកស្រី។ កន្លងមកក្រសួងបរិស្ថានតាមរយៈមូលនិធីបរិស្ថាននិងសង្គម បានជួយដល់សមាគមក្នុង១ឆ្នាំមានទឹកប្រាក់ ចំនួន២០០០០ដុល្លារ ចាប់ពីឆ្នាំ២០១៩ សម្រាប់ការងារអភិរក្ស និងការបង្កាត់ពូជសត្វដំរីបន្ថែមទៀត ដើម្បីបង្កើនបរិមាណសត្វដ៍កម្រនៅក្នុងតំបន់។
សូមបញ្ចាក់ថា បច្ចុប្បន្នសត្វដំរីក្នុងសមាគមអភិរក្សដំរីអៃរាវត្តា មានចំនួន៣ក្បាល នៅក្នុងខេត្តរតនគីរី ហើយកន្លងទៅថ្មីៗនេះ ដំរីមួយក្បាលបានស្លាប់។ សមាគមនៅមានដំរីញីមួយក្បាល និងឈ្មោលមួយក្បាល សម្រាប់ទុកបង្កាត់ពូជបន្តទៅថ្ងៃខាងមុខ៕
ដោយ៖ សិលា