ខេត្តសៀមរាប៖ បើតាមមន្ត្រីជំនាញបានបញ្ជាក់ឱ្យដឹងថា៖ ផ្កាចំហួយ គឺជាផ្កាមួយប្រភេទដែលមានពណ៌ផ្កាឈូក ស៊ីជម្ពូរស្រស់ស្អាត ដុះនៅក្នុងព្រៃ ដែលមនុស្សភាគច្រើនបានស្គាល់។ សម្រាប់អ្នកចង់ទស្សនាវាលផ្កាចំហួយដ៏ស្រស់ស្អាតឥឡូវនេះ អាចចាប់ផ្តើមទៅទស្សនាបានហើយ ដែលកំពុងតែរីកស្រស់បំព្រងយ៉ាងច្រើននៅក្នុងព្រៃនៃចម្ការពូជឈើគ្រញូង ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។
មន្ត្រីបានបន្តថា៖ ផ្កាចំហួយត្រូវបានគេដឹងថា បានចាប់ផ្ដើមរីកឡើងពាសពេញដី ចាប់ពីខែកក្កដានេះប្រកបដោយភាពស្រស់ស្អាតអមដោយទេសភាពជុំវិញធម្មជាតិខៀវស្រងាត់ ធ្វើឱ្យអារម្មណ៍របស់លោកអ្នកមានភាពស្រស់ស្រាយប្លែកតែម្តងនៅពេលបានទស្សនា នៅក្នុងនោះផ្កាចំហួយក្រៅពីជាផ្កាដ៏ស្រស់ស្អាត ត្រូវបានគេដឹងថា អាចបេះផ្កាវាធ្វើជាអន្លក់ទៅកែច្នៃធ្វើម្សៅសម្រាប់ទទួលទានផងដែរ។
នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ លោក សេង លន បានឱ្យដឹងថា ៖ ជារាងរាល់ឆ្នាំឱ្យតែដល់ខែផ្កាចំហួយនេះរីកអ្នកទេសចរតែងតែនាំគ្នាមកកម្សាន្តសប្បាយ ប៉ុន្តែសម្រាប់ឆ្នាំនេះ មិនទាន់មានអ្នកទេសចរមកកម្សាន្តច្រើននៅឡើយទេ ដោយសារតែបញ្ហាមេរោគឆ្លងកូវិដ១៩។លោកថា ចាប់ពីពេលនេះរហូតដល់ចុងខែសីហាឬដើមខែកញ្ញា អ្នកទេសចរអាចមកទស្សនាផ្កាចំហួយនៅក្នុងចម្ការពូជឈើគ្រញូងនេះបានហើយ។
សម្រាប់អ្នកដែលចង់ទៅទស្សនាកម្សាន្តវាលផ្កាចំហួយដ៏ស្រស់ស្អាតនេះ លោកអ្នកគ្រាន់ធ្វើដំណើរទៅដល់ចម្ការពូជឈើគ្រញូង ហើយទុករថយន្តនៅទីនោះ និងបន្តដំណើរតាមកង់ឬគោយន្តបន្តប្រមាណជា២គីឡូ ម៉ែត្រលោកអ្នកនិងបានជួបវាលផ្កាចំហួយដ៏ស្រស់ស្អាត៕
ដោយ៖ សហការី