ចំនួនអ្នកឆ្លងកូវីដ-១៩បានកើនឡើងខ្ពស់ក្នុងរយៈពេលបីថ្ងៃកន្លងមក បង្ខំឲ្យរដ្ឋាភិបាលបារាំងអនុវត្តការធ្វើតេស្តទៅលើពលរដ្ឋមកពី១៦ប្រទេសដែលមានករណីឆ្លងកូវីដ-១៩ ច្រើន។
តាមការលើកឡើងរបស់ក្រសួងសុខាភិបាលបារាំងបានឲ្យដឹងថាមានករណីឆ្លងកូវីដ-១៩ កើនឡើងជាប់គ្នា៣ថ្ងៃកន្លងមក ដោយមានអ្នកឆ្លងកើនឡើងលើសពី១ពាន់នាក់ក្នុងមួយថ្ងៃ។ ចំនួនអ្នកឆ្លងនោះគឺស្មើទៅនឹងពេលដែលបារាំងដាក់ប្រទេសក្នុងគ្រាអាសន្ន កាលពីចុងខែមេសាឆ្នាំ២០២០។ បច្ចុប្បន្នមានខេត្តចំនួន៧នៅបារាំងដាក់ក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ក្នុងនោះមានទាំងទីក្រុងប៉ារីសផងដែរ ។
ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានកោះប្រជុំ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺឆ្លង ដើម្បីឡើងយុទ្ធសាស្ត្រទប់ស្កាប់ការឆ្លងរាលដាលឱ្យបានល្អបំផុត ពិសេសគឺការគ្រប់គ្រងតាមព្រំដែន។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីបារាំងលោកJean Castex បានទៅត្រតពិនិត្យអាកាសយានដ្ឋានអន្តរជាតិ Roissy Charles-De Gaulle ដែលនៅទីនោះលោកនាយករដ្ឋមន្ត្រីបានលើកឡើងថា បារាំងនឹងអនុវត្តយ៉ាងតឹងតែងបំផុតចំពោះអ្នកដំណើរបរទេសចូលមកបារាំង។
ក្នុងបញ្ជីឈ្មោះ១៦ប្រទេសដែលរដ្ឋាភិបាលបារាំងត្រូវធ្វើតេស្តនោះគឺមានពលរដ្ឋមកពីប្រទេស អាមេរិក ប្រេស៊ីល ឥណ្ឌានិងប្រទេសជាច្រើនទៀតនៅមជ្ឈិមបូព៌ា ដូចជា កាតារ គុយវែត អូម៉ង់ ប្រទេសអាហ្វ្រិកខាងត្បូង និងអាល់ហ្សេរីជាដើម៕