សហព័ន្ធកីឡាប្រណាំងរថយន្តអន្តរជាតិ (FIA) បានប្រកាសថា កម្មវិធីប្រណាំងរថយន្ត Autodromo Internacional do Algarve (AIA) នៅទីក្រុង Portimao ប្រទេសព័រទុយហ្គាល់គ្រោងនឹងរៀបចំការប្រកួត Formula 1 Grand Prix នៅថ្ងៃទី២៥ ខែតុលាខាងមុខ។
ការប្រកាសនេះបានមើលឃើញការត្រឡប់មកវិញនូវការប្រណាំង Formula 1 នៅប្រទេសព័រទុយហ្គាល់បន្ទាប់ពីរយៈពេល២៤ ឆ្នាំដែលជាការប្រណាំងចុងក្រោយនៅក្នុងប្រទេសនេះ បានធ្វើឡើងកាលឆ្នាំ១៩៩៦ នៅទីលាន Estoril Circuit ក្បែររដ្ឋធានី Lisbon ។
ប្រធានសហព័ន្ធកីឡាប្រណាំងរថយន្ត លោកនី Amorim បានអបអរសាទរសេចក្តីប្រកាសនេះថា ជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ លោកបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា “នេះគឺជាព័ត៌មានដែលត្រូវបានគេទន្ទឹងរង់ចាំជាយូរមកហើយ ពីព្រោះចាប់តាំងពីខែមីនាយើងបានធ្វើការដើម្បីរៀបចំការប្រណាំងដោយសហការជាមួយ FIA និងរដ្ឋាភិបាល ប៉ុន្តែគម្រោងរបស់យើងត្រូវបានលុបចោលដោយសារតែជំងឺរាតត្បាត”។
លោក Paulo Pinheiro អ្នកគ្រប់គ្រងកម្មវិធីប្រណាំង Autodromo Internacional do Algarve បាននិយាយថា ការប្រកាសនេះ “គឺជាការឈានដល់ចំណុចកំពូលនៃការងារជាច្រើនដែលជាការ ខិតខំប្រឹងប្រែងរបស់ក្រុមដែលបានទទួលរង្វាន់ជាមួយ Formula 1នៅព័រទុយហ្គាល់”។ លោកអះអាងថា “ចាប់ពីពេលដំបូងដែលយើងចង់ឲ្យការប្រណាំង មានទស្សនិកជន ហើយយើងបានធ្វើការជាមួយស្ថាប័នសុខាភិបាលទាំងអស់។ ខ្ញុំគិតថាយើងបានធ្វើការជាមួយគ្នាបានល្អ” ។
សូមបញ្ជាក់ថា ការចាប់ផ្តើមនៃរដូវកាលប្រណាំងរថយន្ត Formula 1 ឆ្នាំ២០២០ ត្រូវបានគេគ្រោងធ្វើនៅថ្ងៃទី១៥ ខែមីនានៅប្រទេសអូស្ត្រាលី ប៉ុន្តែការប្រណាំងនោះត្រូវបានលុបចោលដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ដែលបានរំខាន និងប៉ះពាល់ដល់កម្មវិធីនេះយ៉ាងធ្ងន់ធ្ងរ។ រហូតមកដល់ពេលនេះការប្រណាំងចំនួន១៣ ត្រូវបានសហព័ន្ធប្រណាំងរថយន្តអន្តរជាតិគ្រោងនឹងធ្វើនៅខែសីហា ដល់ខែតុលា។ ការប្រណាំងនៅទីក្រុង Portimao ត្រូវបានគេបញ្ជាក់នៅពេលដំណាលគ្នានឹងព្រឹត្តិការណ៍នៅ Nurburgring ក្នុងប្រទេសអាឡឺម៉ង់ និង Imola នៅអ៊ីតាលី ៕
ដោយ៖ ភារៈ