ភ្នំពេញ ៖ នារីម្នាក់ជាជនជាតិខ្មែរ រួមនិងបុរសម្នាក់ទៀតជាជនជាតិបរទេស បានបេីករថយន្តម៉ាកRav4មួយគ្រឿងធ្លាក់កាងអូសពេញផ្លូវនៅខណ្ឌបឹងកេងកង ហេីយក៏ជួបកម្លាំងសមត្ថកិច្ចល្បាតរបស់ខណ្ឌបឹងកេងកង ឃេីញដូច្នេះក៏ដេញតាមឃាត់បាននៅផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានចុះថត និងឡាយផ្ទាល់ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ។
មន្ត្រីសមត្ថកិច្ចខណ្ឌបឹងកេងកង បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា មុនកេីតហេតុ កម្លាំងក្រុមលោកបានជិះល្បាតក្នុងមូលដ្ឋានដេីម្បីទប់ស្កាត់បទល្មេីសផ្សេងៗ គាប់ជួនក៏ប្រទះឃេីញរថយន្តមួយគ្រឿងម៉ាក Rav4 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2T-4803 បេីកបរដោយនារីម្នាក់ជាជនជាតិខ្មែរ និងបុរសម្នាក់ទៀតជាជនជាតិបរទេស បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៦៣ ទាំងធ្លាក់កាងមុខអូសពេញផ្លូវ ។ ដោយឃេីញសភាពដូច្នេះ ខ្លាចក្រែងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋធ្វេីដំណេីរតាមផ្លូវ កម្លាំងសមត្ថកិច្ចល្បាតរបស់ខណ្ឌបឹងកេងកង ក៏ដេញតាមឃាត់រហូតមកដល់ផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ទេីបឃាត់ជាប់ហេីយសួរនាំដំណេីររឿងនៃការធ្លាក់កាងរថយន្ត ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានខណ្ឌបឹងកេងកង សហការជាមួយសមត្ថកិច្ចខណ្ឌមានជ័យ ធ្វេីការសាកសួរទៅលេីអ្នកបេីកបររថយន្តជិតមួយម៉ោង បានត្រឹមចម្លេីយឆ្លេីយដោះសារមិនសមហេតុផល ទេីបសមត្ថកិច្ចទាក់ទងទៅខាងមន្ត្រីជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុក ដេីម្បីស្រាវជ្រាវបន្ត និងចាត់ការតាមនីតិវិធី ។
គួររំលឹកថា ករណីរថយន្តRAV4ធ្លាក់កាងខាងលេីនេះ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា អាចរថយន្តនេះបេីកបុកបុរសម្នាក់កំពុងជិះម៉ូតូម្នាក់ឯងបណ្ដាលឲ្យដួលបាក់ក ស្លាប់ នៅផ្លូវបេតុង ក្នុងភូមិកោះនរាសង្កាត់និរោធ ខណ្ឌច្បារអំពៅ នាវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៥ខែកក្ដដា ឆ្នាំ២០២០ ៕ដោយ៖ ភារ៉ា ដង្កោ