ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងទេីបចេញពីផឹកស៊ីនៅផ្ទះបងប្អូនបំរុងត្រឡប់ទៅផ្ទះវិញ តែអកុសលមកដល់ពាក់កណ្តាលផ្លូវ សង្ស័យថាមានរថយន្តបុកម៉ូតូពីក្រោយបណ្តាលឲ្យជនរងគ្រោះដួលបាក់កស្លាប់ភ្លាមៗនៅកន្លែង បង្កការភ្ញាក់ផ្អេីលដល់អ្នកភូមិចេញមកមេីល និងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បាអំពៅ។
ជនរងគ្រោះដែល(ស្លាប់)មានឈ្មោះ សុខ លាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមស្លែក សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុ ជនរងគ្រោះបានមកផឹកស៊ីជាមួយនឹងបងប្អូននៅក្នុងភូមិកើតហេតុខាងលើ ។ លុះក្រោយមកជនរងគ្រោះក៏បានជិះម៉ូតូម៉ាកធូដេ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CN- 7532 ជិះតាមផ្លូវបេតុង ក្នុងទិសដៅពីជេីងទៅត្បូងគោលបំណងត្រឡប់ទៅផ្ទះវិញ តែអកុសលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើតហេតុសង្ស័យថាមានរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយហើយបណ្ដាលឱ្យជនរងគ្រោះដួលបាក់កស្លាប់ភ្លាមៗតែម្ដង ។
ក្នុងស្ថានភាពជនរងគ្រោះខាងលេី ក្រុមគ្រួសារបានបញ្ជាក់ថា ដោយសារតែឃើញម៉ូតូរបស់ជនរងគ្រោះមានស្នាមបែកបាក់នៅផ្នែកខាងក្រោយច្រេីន ដូច្នេះហើយពួកគាត់ សង្ស័យថាជនរងគ្រោះមិនមែនស្លាប់ដោយសារតែដួលខ្លួនឯងនោះទេ ពិតជាមានរថយន្តបុកហើយរត់បាត់ ទេីបពួកគាត់បានសំណូមពរទៅសមត្ថកិច្ចខណ្ឌច្បាអំពៅមេត្តាជួយស្រាវជ្រាវរករថយន្តបង្ក និងអ្នកបេីកបរមកដោះស្រាយតាមច្បាប់ ។
ជាមួយគ្នានោះដែរ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បាអំពៅ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលកាមេរ៉ាសុវត្ថិភាពតាមផ្ទះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ហេីយបានធ្វេីឯកសារប្រគល់សពនិងម៉ូតូទៅឲ្យក្រុមគ្រួសារ និងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ភារ៉ា ដង្កោ