ខេត្តសៀមរាប ៖ ជាងភ្លេីងមួយរូបបានប្រេីអំពេីហិង្សាដោយយកបន្ទះឈេីវាយលើក្បាលជនរងគ្រោះជាប្រពន្ធដែលទេីបចែកផ្លូវគ្នា៣ខែថ្មីៗ បណ្តាលឲ្យនាងបែកក្បាលហូរឈាម ថែមទាំងចាប់បោចសក់ ទះកំផ្លៀង និងដាល់លើផ្ទៃមុខជាច្រើនដៃ ព្រោះខឹងលួងលោម សុំរួមរស់ជាមួយគ្នាវិញបរាជ័យ ។
តាមប្រភពព័ត៌មានអោយដឹងថា អំពេីហិង្សានេះកើតឡើងកាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់សម្រាប់កម្មករ ធ្វើនំបុ័ងស្នាក់នៅ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ប្រភពព័ត៌មានបន្តថា ជនសង្សយ័ឈ្មោះ ប្រែន ប្រន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅក្រុមទី២ ភូមិជប់ ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀបរាប ។ រីឯជនរងគ្រោះ ឈ្មោះឈៀង មុំ អាយុ២៦ឆ្នាំ មុខរបរកម្មករ ធ្វើនំបុង័ និងស្នាក់នៅកន្លែងធ្វើនំបុ័ងតែម្តង។
យោងតាមការអះអាងពីជនរងគ្រោះថាពួកគេបានចែកផ្លូវគ្នា ពោលគឺឈប់រួម រស់នៅជាមួយគ្នាចំនួន៣ខែមកហើយ ព្រោះជនសង្ស័យតែងប្រើអំពើហិង្សាញឹកញាប់ពេកទ្រាំលែងបាន ។
ជនរងគ្រោះបន្តថា មកដល់ថ្ងៃកើតហេតុ ជនសង្ស័យ (ប្តី) បានមកហៅខ្លួនអោយវិលត្រឡប់ទៅផ្ទះនៅឯស្រុកសូទ្រនិគមវិញ តែនាងមិនព្រម ក៏កេីតជាជម្លោះប្រកែកគ្នា ឈានដល់ប្រេីបន្ទះឈេីវាយលើក្បាលខ្លួន (ជនរងគ្រោះ) បណ្តាលឲ្យបែកក្បាលហូរឈាម និងវាយត្រូវដៃ រួចចាប់បោចសក់ ទះកំផ្លៀង និងដាល់លើមុខជាច្រើនដៃ។
នៅគ្រានោះដោយមេីលឃេីញសកម្ម ភាពហិង្សាពេក កម្មករបម្រេីការងារជាមួយក្នុងហាងនំដូចគ្នាដែលមានឈ្មោះ ធីម ធី ភេទស្រី អាយុ២៧ឆ្នាំ ជួយឃាត់ និងសម្រលសម្រួល តែត្រូវជនសង្ស័យ វាយនឹងឈេីត្រូវក្បាលបណ្តាលអោយរបួស ខណៈរឿងនេះកាន់តែរីកធំ ក៏រាយការណ៍ទៅសមត្ថកិច្ច ចុះដល់ឃាត់ខ្លួនជនសង្ស័យតែម្តង ។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្តទៅទៀត ៕ ដោយ ៖ ស តារា