អតីត​នាយករដ្ឋមន្ត្រី​ថៃលោកស្រី យី​ង​ឡាក់ ទទូចឲ្យ​អង្គភាព​ប្រឆាំង​ពុករលួយ​ថៃ​ ផ្តោត​ការងារ​រដ្ឋាភិបាល​បច្ចុប្បន្ន ជាង​សើរើ​សំណុំរឿង​លោកស្រី​

ចែករំលែក៖

អន្តរជាតិ៖ យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post អតីត​នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង គឺលោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បានចេញមុខប្រតិកម្មតាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី ដោយចោទ​ជា​សំណួរ​ថា៖ ​តើ​ហេតុអ្វី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើពុករលួយអនុវត្ត​នីតិវិធី​យ៉ាង​ឆាប់រហ័ស​ក្នុង​បទចោទប្រកាន់​លោកស្រី​ដល់​ពីរ​សំ​ណុរ​រឿង ទាំង​ចំពោះមុខ​គណៈកម្មាធិការ​នេះ មានរឿង​ច្រើន​លើ​សកម្មភាព​រដ្ឋាភិបាល​បច្ចុប្បន្ន​នោះ​។​

មិនតែប៉ុណ្ណោះអតីត​នាយករដ្ឋមន្ត្រី​ថៃរូបនេះ បាន​ទទូច​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថៃ​ផ្តោត​ការយកចិត្តទុកដាក់ និង​តាមដាន​ការបំពេញ​មុខងារ និង​ភារកិច្ច​របស់​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន ដែលមាន​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ជា​ប្រមុខ ជាជាង​សើរើ​សំណុំរឿង​របស់​រដ្ឋាភិបាល​លោកស្រី​។ ដោយលោកស្រី មិន​ចង់ឃើញ​អង្គភាព​មួយ​នេះ ដាក់​មុខសញ្ញា​តែ​លើ​អ្នកប្រឆាំង​រដ្ឋាភិបាល​នោះទេ​។​

ការចេញ​ប្រតិកម្ម​មួយ​តប​ទៅនឹង​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើពុករលួយ ដែល​បាន​ចោទប្រកាន់​លោកស្រី និង​មន្ត្រីក្រោមឱវាទ​របស់លោក​ស្រី​ពីបទ​រំលោភ​អំណាច​មុខងារសាធារណៈ​នោះ បានធ្វើឡើងនៅ​ថ្ងៃទី​២៣ ខែកក្កដា កន្លងទៅនេះទំនងជា​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ទ្រាំលែងបាន​នឹង​ទង្វើ​ដដែលៗ​របស់​រដ្ឋាភិបាល​ថៃ ដែល​ពីមុន​ជា​រដ្ឋាភិបាលយោធា​ ។

​គួរបញ្ជាក់ថា លោកស្រី យី​ង​ឡាក់ ដែល​បច្ចុប្បន្ន​ហ៊ុមព័ទ្ធ​ទៅដោយ​ការចោទប្រកាន់​ពី​តុលាការ​ថៃ​ច្រើន​ស្រាប់​ហើយ​នោះ បាន​កត់សម្គាល់ថា អ្នកនយោបាយ ឬ​អតីត​អ្នកនយោបាយ ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល តែង​ត្រូវបាន​ស្ថិតក្នុង​ការចោទប្រកាន់ ឬ​ការសង្ស័យ​ប្រព្រឹត្ត​បទល្មើសៗ ខណៈដែល​ក្រុម​អ្នក​ដែល​នៅ​កាន់អំណាច តែងតែ​ត្រូវ​ជានិច្ច​។

សូម​ជម្រាប​​ថា កាលពីថ្ងៃ​២២ កក្កដា​កន្លងទៅដែរនោះ គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើពុករលួយ​ថៃ បាន​អះអាងថា បាន​រកឃើញ​ភស្តុតាង​មួយចំនួន​ដែល​បង្ហាញថា លោកស្រី យី​ង​ឡាក់ និង​អគ្គលេខាធិការ​របស់លោក​ស្រី រួមទាំង​ឧបនាយករដ្ឋមន្ត្រី​មួយរូប បាន​រំលោភច្បាប់​ក្នុង​ការដាក់​ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​ជាតិ ដែលមាន​ទំហំ​ទឹកប្រាក់​រាប់លាន​ដុល្លារ​។​

​បើគិត​ចាប់ពី​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ត្រូវបាន​ទម្លាក់​ចេញពី​មុខតំណែង​តាមរយៈ​រដ្ឋប្រហារ​យោធា​មក លោកស្រី ត្រូវបាន​តុលាការ​ថៃ​ចោទប្រកាន់​ពីបទ​ល្មើស​ជា​បន្តបន្ទាប់ ហើយ​លោកស្រី ក៏ត្រូវ​បាន​តុលា​ការហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​ទៀតផង​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print