គិតដល់វេលាម៉ោង៧ព្រឹកថ្ងៃទី២៧ខែកក្កដា នៅទូទាំងពិភពលោកមានពលរដ្ឋជាង ១០លាននាក់បានជាសៈស្បើយពីកូវីដ១៩។ ជាមួយគ្នានោះ ក៏មានចំនួនអ្នកស្លាប់កើនឡើងជាង៦៥១ពាន់នាក់ផងដែរ ក្នុងនោះអាមេរិកមានអ្នកស្លាប់ច្រើនជាងគេ គឺរហូតដល់ទៅជាង ១៤៩ពាន់នាក់។
បន្ទាប់ពីអាមេរិកគឺប្រទេសប្រេស៊ីលមានអ្នកស្លាប់ ជាង៨៧ពាន់នាក់ ។ អ្វីដែលគួឲ្យបារម្ភនោះគឺក្នុងរយៈពេល៣ថ្ងៃចំនួនអ្នកឆ្លងនៅលើពិភពលោកមានរហូតដល់ជាង១លានាក់ គឺជាចំនួនយ៉ាងច្រើនមិនធ្លាប់មាន។
ជាមួយគ្នានេះដែរនៅទ្វីបអាស៊ី ក៏មានករណីឆ្លងកើនឡើងខ្ពស់នៅប្រទេសជាច្រើន ក្នុងនោះមានឥណ្ឌាជាដើម។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបញ្ជាក់ថា ការឆ្លងរាលដាលវីរុសកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា អាចអូសបន្លាយជាច្រើនខែទៀត។ ប៉ុន្តែចំនួនអ្នកស្លាប់នៅក្នុងប្រទេសឥណ្ឌាមានតិចជាងប្រទេសនានា។
អ្នកឆ្លងនៅឥណ្ឌាមានសញ្ញាកើនឡើងខ្ពស់ ដោយក្នុងរយៈពេល២៤ម៉ោងមានករណីឆ្លងដល់ទៅ៥ម៉ឺននាក់។ សរុបអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា កើនឡើងដល់ទៅជាង១,៤៣លាននាក់ ក្នុងនោះស្លាប់ ជាង៣២ពាន់នាក់។ ជាមួយគ្នានោះក៏មានអ្នកឆ្លងកូវីដ១៩ ជិត១លាននាក់បានព្យាបាលជាសៈស្បើយវិលត្រឡប់ទៅផ្ទះវិញផងដែរ៕
ដោយ៖ធីរីណា