ភ្នំពេញ៖ ម្តាយបង្កើតរបស់ក្រុមតារាចម្រៀងស្រី ត្រកូល”អោក” អ្នកស្រី ទីវ សោភណ្ឌ បានបានទទួលមរណភាពដោយសាររោគាពាធរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ កក្កដា ២០២០។ អ្វីដែលធ្វើឲ្យអ្នករួមអាជីពសោកសម្រេងខ្លោចចិត្តអាណិតកូនស្រីគឺអ្នកនាង អោក សុម៉ារីម៉ា នោះគឺនាងកំពុងតែរស់នៅសហរដ្ឋអាមេរិក និងមិនអាចមកទាន់ដង្ហើម និងចូលរួមបុណ្យសពម្តាយបាន។
អោក សុម៉ារីម៉ា បានចេញទៅរស់នៅសហរដ្ឋអាមេរិកជាច្រើនឆ្នាំមកហើយក្រោយពីនាងធ្លាប់បានចេញទៅច្រៀង និងមានស្វាមីនៅលើទឹកដីសហរដ្ឋអាមេរិក។ ម្តាយបង្កើតជាអ្នកមានគុណ និងតែងដើរតាមនាងគ្រប់ទីកន្លែងគ្រាដែលនាងចេញច្រៀងរាំនៅកម្ពុជាកន្លងមកនោះគឺអ្នកស្រី ទីវ សោភណ្ឌបានទទួលមរភាពក្នុងវ័យ ៥៩ឆ្នាំ។ ដំណឹងមរណភាពរបស់ម្តាយតារាចម្រៀងរូបនេះទទួលបានសារំលែកទុក្ខ និងចូលរួមកម្មវិធីបុណ្យដោយផ្ទាល់ពីអ្នករួមអាជីពជាច្រើន។ ត្រូវបានតម្កល់ធ្វើបុណ្យនៅវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អ្នកស្រីលាចាកលោកដោយសាររោគាពាធ ក្រោយពីបានឃើញចូលសម្រាកពេទ្យតែប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ។ រយៈពេលខ្លីនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានធ្វើឲ្យកូនៗរបស់អ្នកស្រីមិនទាន់អស់ចិត្ត និងមិនបានត្រៀមចិត្តទុកជាមុន។ អោក សុម៉ាវត្តីដែលកំពុងរស់នៅសរដ្ឋអាមេរិកក៏មិនបានចូលរួមបុណ្យសពម្តាយបានត្រឹមតែការទូរស័ព្តតាមបណ្តាញសង្គមមើលសភាពកម្មវិធីបុណ្យសពម្តាយ និងរៀបរាប់ពីទឹកចិត្តនឹករលឹកមកកាន់បងប្អូនលាម្តាយទាំងទឹកភ្នែក ដែលពេលខ្លះនាងយំបោកខ្លួនព្រោះតែនឹករលឹកនិងស្រលាញ់ម្តាយខ្លាំង។
ថ្លែងពីអាមេរិកទាំងកោសខ្យល់ជាំពេញខ្លួននោះនាងថានាងពិតជាឈឺចាប់ណាស់ និង មិននឹកស្មានសោះថាដង្ហើមចុងក្រោយរបស់ម្តាយនាងមិនអាចនៅជិតបាន មិនមានឱកាសមើលថែ ។ នាងថាកន្លងមកនាងនិងម្តាយបានទំនាក់ទំនងគ្នាជារៀលរាល់ថ្ងៃតាមទូរស័ព្ទ ប៉ុន្តែពេលនេះត្រូវឃ្លាតម្តាយជារៀងរហូតហើយ។ នាង សូមឲ្យវិញ្ញាណក្ខន្ធម្តាយនាងធ្វើដំណើរឲ្យបានសុខជារៀងរហូត ហើយជាតិក្រោយនាងសូមឲ្យម៉ាក់ស្អាតអាយុវែង ។ នាងក៏សូមថ្លែងអំណរគុណស្រាប់សារលើកទឹកចិត្តចូលរួមរំលែកទុកដល់នាងនិងក្រុមគ្រួសារ។
គួរបញ្ជាក់ដែរថាកន្លងទៅអ្នកស្រី ទីវ សោភណ្ឌត្រូវបានអ្នកសិល្បៈស្គាល់តាមរយៈការធ្វើដំណើររួមជាមួយកូនស្រី កញ្ញា អោក សុម៉ាលីតា អ្នកនាង អោក សុម៉ាវត្តី អ្នកនាង អោក សុម៉ារីម៉ា និងអោក សុម៉ាដាលីស គ្រាដែលពួកនាងបានចេញទៅច្រៀងរាំនៅក្នុងកម្មវិធីប្រគំតន្ត្រីនានា។ ពិធីបុណ្យខួបគម្រោង៧ថ្ងៃសពម្តាយរបស់ក្រុមតារាចម្រៀងត្រកូលអោក នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដានេះនៅគេហដ្ឋានម្តាយរបស់នាងនាភូមិវាលស្បូវ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
ដោយ វឌ្ឍនា