ក្រុមសេះបង្កង់ Juventus បានយកឈ្នះក្រុមភ្ញៀវ Sampdoria ក្នុងលទ្ធផល២ទល់០កាលពីរាត្រីថ្ងៃទី២៦ កក្កដា ម្សិលមិញ ដោយបានដាច់ពិន្ទុក្រុមលេខ២ ធ្វើឲ្យក្រុមមួយនេះឈ្នះជើងឯកលីកកំពូលអ៊ីតាលី Serie A ជាលើកទី៩ជាប់ៗគ្នា បើទោះបីនៅសល់២ប្រកួតទៀតចប់រដូវកាលក៏ដោយ។
២គ្រាប់របស់ក្រុមសេះបង្កង់ Juventus រកបានដោយខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នៅនាទីទី៤៥ ជិតចប់ការប្រកួតតង់ទី១ទៅហើយ និង១គ្រាប់ទៀតរកបានដោយកីឡាករ Federico Bernardeschi នៅនាទីទី៦៧។ ខ្សែប្រយុទ្ធ Cristiano Ronaldo បានឧទ្ទិសដល់ការឈ្នះពានរង្វាន់ Serie A ជាលើកទី៩ជាប់ៗគ្នារបស់ក្រុម Juventus ដល់អ្នកគាំទ្រនៅទីក្រុង Turin ផងដែរ។
សូមបញ្ជាក់ថា ក្រុមសេះបង្កង់ Juventus ក្រោមដឹកនាំរបស់លោក Sarri អតីតគ្រូបង្វឹកក្រុម Chelsea គឺជាការឈ្នះពានរង្វាន់លីកដំបូងនៃអាជីពជាអ្នកចាត់ការរបស់គាត់។ ចំណែកកីឡាករ Cristiano Ronaldo កំពុងឈរចំណាត់ថ្នាក់លេខ២ មាន៣១គ្រាប់ ក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេបន្ទាប់ពីកីឡាករ Immobile របស់ក្រុម Lazio ដែលមាន៣៤គ្រាប់។ ទោះយ៉ាងណានៅសល់២ប្រកួតទៀតចប់រដូវកាលដោយក្រុម Juventus ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Cagliari នៅថ្ងៃទី៣០ កក្កដា និងប៉ះក្រុមភ្ញៀវ Roma នៅថ្ងៃទី២ ខែសីហា ដែល២ប្រកួតនេះជាឱកាសសម្រាប់ Ronaldo ក្នុងការរកគ្រាប់បាល់ ដើម្បីដណ្តើមបានស្បែកជើងមាសនៅអ៊ីតាលីរដូវកាលនេះ ៕
ដោយ៖ ភារៈ