អន្តរជាតិ៖ បន្ទាប់ពីរដ្ឋាភិបាលចិន បានចេញបញ្ជាឲ្យបិទកុងស៊ុលអាមេរិកនៅទីក្រុងឆឹងទូ ដែលជាការសងសឹកចំពោះអាមេរិកដែលបញ្ជាឲ្យចិនបិទកុងស៊ុលនៅរដ្ឋតិចសាស់។ ចុះនៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរចិន បានចូលគ្រប់គ្រងកុងស៊ុលអាមេរិកនៅទីក្រុងឆឹងទូ ខេត្តស៊ីឈ័ន។ ចំណែកស្ថានកុងស៊ុលចិនប្រចាំទីក្រុងហ៊ូស្តុនឯណោះ ក៏បានបិទរួចហើយតាមការកំណត់របស់រដ្ឋាភិបាលអាមេរិក។
បើតាមការបញ្ជាក់របស់ក្រសួងការបរទេសចិន អះអាងថា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែកក្កដានេះ កុងស៊ុលអាមេរិកនៅឆឹងទូ ត្រូវបានបិទតាមសំណើភាគីចិន។ ហើយក្នុងការប្រកាសថ្ងៃទី២៧ ខែកក្កដា ក្រសួងការបរទេសចិនបន្តថា អាជ្ញាធរចិនក៏បានចូលក្នុងកុងស៊ុលតាមទ្វារមុខ ហើយគ្រប់គ្រងអាគារទាំងមូល។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃដដែល ទង់ជាតិរបស់អាមេរិក ត្រូវបានបង្ហូតទម្លាក់ ដែលនេះជាសញ្ញានៃការឈានទៅដល់ការបិទកុងស៊ុលអាមេរិក។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV ។ កាលពីថ្ងៃទី២៥ ខែកក្កដា សញ្ញាជាតិរបស់អាមេរិកដែលមានរូបឥន្ទ្រី ត្រូវបានដកទុកផងដែរ។ នៅថ្ងៃទី២៤ ខែកក្កដា ចិនទុកពេលឲ្យអាមេរិក៧២ម៉ោងដើម្បីបិទស្ថានបេសកកម្មមួយនេះ។
ដោយឡែកទីភ្នាក់ងារព័ត៌មាន AFP បានចេញផ្សាយថា ផ្លូវឆ្ពោះទៅកាន់អាគារកុងស៊ុលអាមេរិកនេះ ត្រូវបានបិទ ហើយប៉ូលិសចិន បានក៏បានបិទការធ្វើចរាចរណ៍ផងដែរ។ នៅចុងសប្ដាហ៍មុន អាមេរិក ចាប់ផ្ដើមដឹកជញ្ជូនឥវ៉ាន់ចេញពីកុងស៊ុលរបស់ខ្លួនមុនកាលកំណត់៧២ម៉ោងមកដល់។ ទូកុងតឺន័រ ដែលទំនងជាសម្ភារសំខាន់ ត្រូវបានដឹកចេញជាបន្តបន្ទាប់។
បច្ចុប្បន្នទីក្រុងប៉េកាំង ចាត់ទុកការបិទកុងស៊ុលអាមេរិកនេះ ជាការសិទ្ធិស្របច្បាប់របស់ខ្លួន និងជាការឆ្លើយតបចាំបាច់ទៅនឹងទីក្រុងវ៉ាស៊ីនតោនដែលបញ្ជាឲ្យបិទកុងស៊ុលចិនប្រចាំទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់។ កុងស៊ុលរបស់ចិន បានបិទរួចរាល់អស់ហើយ តែការផ្លោងសម្ដីក៏កើតមាន។ ក្រសួងការបរទេសចិននៅថ្ងៃទី២៥ ខែកក្កដា បានរិះគន់មន្ត្រីអាមេរិកដែលគាស់ទ្វារទម្លុះចូលកុងស៊ុលរបស់ខ្លួន ដោយចាត់ទុកជាការខុសច្បាប់អន្តរជាតិ ព្រោះទីនោះនៅតែជាដែនអធិបតេយ្យរបស់ចិននៅឡើយ។
ជាក់ស្តែងការបិទស្ថានកុងស៊ុលនៅក្រុងឆឹងទូ ត្រូវបានគេឃើញថា ជាវិធានការទន់ភ្លន់របស់ចិនដែលមិនចង់ឲ្យទំនាក់ទំនងជាមួយអាមេរិកកាន់តែយ៉ាប់យ៉ឺន។ កុងស៊ុលអាមេរិកមួយនេះ មិនសូវសំខាន់ប៉ុន្មានឡើយ ហើយមានទំហំតូចបើប្រៀបធៀបកុងស៊ុលអាមេរិកឯទៀតដូចជានៅសៀងហៃ ឬគ័ងចូវជាដើម ខណៈកុងស៊ុលចិននៅហ៊ូស្តុនដែលអាមេរិកចោទថា ជាទីតាំងលួចកម្មសិទ្ធិបញ្ញាអាមេរិកនោះ ក៏មិនសូវធំដុំដែរ។ ក្រសួងការបរទេសចិនអះអាងថា មន្ត្រីកុងស៊ុលអាមេរិកនៅឆឹងទូ ធ្វើសកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើឲ្យប៉ះពាល់សន្តិសុខរបស់ខ្លួន។
សូមជម្រាបថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានបង្ហើបដែរថា អាមេរិកអាចនឹងបិទកុងស៊ុលចិនបន្ថែមទៀត។ ក្រៅពីហ៊ូស្តុន ចិនមានកុងស៊ុលញូវយ៉ក ឡូសអែនជែលេស ឈីកាហ្គោ និងសាន់ហ្វ្រាន់ស៊ីស្កូ បន្ថែមពីលើស្ថានទូតនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី៕ដោយ៖ស តារា