រដ្ឋាភិបាលព្រុយ​ណេ បង្ហាញ​ជំហរ​ចង់ឃើញ​ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង និង​ដោះស្រាយ​តាម​យន្តការ​ច្បាប់​អន្តរជាតិ​

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង ​ហាក់ដូចជា​កំពុង​ឡើងក​ម្តៅ​បន្តិច​នោះ រដ្ឋាភិបាលព្រុយ​ណេ បានចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញ​ជំហរ​ចង់ឃើញ​ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ​អធិបតេយ្យ​មួយ​នេះ  រក្សា​ភាពចាស់ទុំ និង​ដោះស្រាយ​តាម​យន្តការ​ច្បាប់​អន្តរជាតិ​។

​នៅក្នុងសេចក្តីថ្លែងការណ៍​ដែល​ចេញ​នៅ​ដើម​សប្តាហ៍​នេះ ក្រសួងការបរទេស​ព្រុយ​ណេ បាន​អះអាង​ជាថ្មី ​ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាពនិង​សុខដុម​នៅក្នុង​តំបន់ ជាពិសេស​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​តែម្តង​។ រដ្ឋាភិបាល​ព្រុយ​ណេ តាម​សេចក្តីថ្លែងការណ៍​ដដែល បានប្រកាស​ជំហរ​មិន​ប្រែប្រួល​ក្នុងការ​អនុវត្ត​យន្តការ​ពីរ​ផ្លូវ​ដើម្បី​ដោះស្រាយ​បញ្ហា​អធិបតេយ្យ​មួយ​នេះ​។​

​ក្នុង​ជំហរ​របស់​ព្រុយ​ណេ ដែលជា​រដ្ឋ​សម្បូរហូរហៀរ​ដោយ​ធនធានធម្មជាតិ រ៉ែ ប្រេង និង​មាស​ជាដើម​នោះ បានស្នើ​ឲ្យ​មានការ​ជជែក​បញ្ហា​ដោយ​ជា​លក្ខណៈ​ទ្វេភាគី រវាង​ប្រទេស​ដែលមាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​ដោយផ្ទាល់​តាមរយៈ​កិច្ចសន្ទនា​សន្តិវិធី និង​ការពិគ្រោះ​យោបល់​។

​សូមជម្រាបថា រដ្ឋាភិបាលព្រុយ​ណេ ចង់​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចរចា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដោយ​ប្រើប្រាស់​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ និង​បទដ្ឋាន​អន្តរជាតិ​ផ្សេងៗ​។ ការរក្សា​ភាពចាស់ទុំ​, សន្តិភាព និង​ភាពជា​ធ្នុង​មួយ​, ការកសាង​ទំនុកចិត្ត និង​ការបង្កើន​ការ​ទុក​រួម​ក្នុង​តំបន់ ក៏​ជា​អ្វីដែល​ព្រុយ​ណេ​រំពឹង​ពី​ប្រទេស​ពាក់ព័ន្ធ​ដូចគ្នា​ផងដែរ​។​

​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​បញ្ហា​អធិបតេយ្យ​មួយ ដែលមាន​រដ្ឋ​អាស៊ាន​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីននិង​វៀតណាម ជាមួយនឹង​ចិន​។ សម្រាប់​រដ្ឋ​អាស៊ាន ការប្រើប្រាស់​ច្បាប់​អន្តរជាតិ គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ការដោះស្រាយ​បញ្ហា ខណៈ​ភាគី​ចិន ដែល​បានទាមទារ​គ្រប់គ្រង​តំបន់​ជម្លោះ​នោះ​ស្ទើរតែ​ទាំងស្រុង​នោះ តែងតែ​យក​អំណះអំណាង​ប្រវត្តិសាស្ត្រ​មក​អនុវត្ត​។

​គួរបញ្ជាក់ថា កន្លងមក ប្រទេសព្រុយ​ណេ ត្រូវបាន​កត់សម្គាល់​ជា​រដ្ឋ​ភាគី​នៃ​ជម្លោះ ដែលមាន​ជំហរ​ស្ងប់ស្ងាត់​បំផុត​។ ពោលគឺ ព្រុយ​ណេ កម្រ​នឹង​ចេញ​សេចក្តីថ្លែងការណ៍​ណាមួយ​ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក្រៅពី​វេទិកា​របស់​អាស៊ាន​ណាស់​។ ខុសពី​ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ដែលជា​និច្ចកាល​ចេញ​សេចក្តីថ្លែងការណ៍​តវ៉ា និង​ថ្កោលទោស​ចិន នៅពេលដែល​ចិន ធ្វើ​សកម្មភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print