អន្តរជាតិ៖ សារព័ត៌មានបាងកកប៉ុស្តិ៍ថៃ បានចុះផ្សាយថា មានករណីក្រុមចោរទំនើង ២នាក់ បានធ្វើសកម្មភាពចូលទៅប្លន់យកប្រាក់នៅក្នុងហាងម៉ាតថៃយីហោ 7-Eleven ក្រៅពីបានប្លន់យកលុយបានសម្រេចហើយ រួចមានចោរម្នាក់ បានធ្វើសកម្មភាពគួរឲ្យភ្ញាក់ផ្អើលមួយទៀតដោយគឺចាប់ថើបបុគ្គលិកអ្នកគិតលុយស្រស់ស្អាតម្នាក់មុននឹងរត់គេចខ្លួន។
ហេតុការណ៍នេះបានឡើងនៅក្នុងហាងលក់ទំនិញ 7-Eleven មួយកន្លែងនៅក្នុងខេត្តកានច័ន្ទបូរី នៃប្រទេសថៃ កាលពីរសៀលម៉ោង ៣ថ្ងៃទី២៤ ខែកក្កដា កន្លងទៅ។
ប្រភពខាងលើបានបន្តថា ក្រុមចោរបានជិះម៉ូតូមួយគ្រឿងមកឈប់នៅមុខហាងមួយសន្ទុះទើបដើរចូលទៅក្នុងហាង និងបានទាញកាំបិតមកគំរាមទាប្រាក់ពីអ្នកគិតលុយនៅក្នុងហាងបានប្រមាណជា ១០ ០០០ បាត (៣១៦ ដុល្លារអាមេរិក)។
បន្ទាប់ពីបានលុយរួចស្រាប់តែមានចោរម្នាក់បានបង្ខំឲ្យស្រីជាអ្នកគិតលុយម្នាក់ដោះម៉ាស់ចេញហើយគាត់ក៏បានចាប់ថើបមាត់ស្រីរូបនោះជាច្រើនដងទៀតផង ហើយអ្វីដែលជារឿងដ៏ហួសចិត្តជាងនេះទៀតនោះគឺក្រុមចោរបានចាប់ស្រ្តីរងគ្រោះរូបនោះឲ្យជិះម៉ូតូជាមួយពួកគេចេញពីហាងទៀតផង។ យ៉ាងណាក្តី បន្ទាប់ពីធ្វើដំណើរចេញពីហាងបានប្រហែលជា ៥ គីឡូម៉ែត្រ ក្រុមចោរក៏បានទុកស្រ្តីរងគ្រោះចោលនៅលើដងផ្លូវមួយកន្លែង ខណៈស្រ្តីរងគ្រោះរូបនោះពុំមានរងរបួសអ្វីធ្ងន់ធ្ងរឡើយ។
គួរបញ្ជាក់ថា នៅក្នុងថ្ងៃកើតហេតុដដែលនោះ ប៉ូលីសថៃបានបើការស៊ើបអង្កេតនិងចាប់បានក្រុមចោរទាំងយប់ ដោយចោរម្នាក់អាយុ ១៧ ឆ្នាំនិងម្នាក់ទៀតអាយុ ២១ ឆ្នាំ ដោយពួកគេសុទ្ធជាក្រុមក្មេងទំនើងដែលកំពុងដាច់លុយចាយ៕ដោយ៖ស តារា